ការជំរុញផលិតកម្មរបស់សហគមន៍កសិកម្មតាមរយៈការធ្វើទំនើបកម្មគ្រឿងចក្រកសិកម្ម

ចេញ​ផ្សាយ​ 25 May 2026
39
គម្រោងពិពិធកម្មកសិកម្មកម្ពុជាកំពុងធ្វើការយ៉ាងសកម្មដើម្បីជំរុញផលិតកម្មកសិកម្មនៅតាមសហគមន៍កសិកម្មគោលដៅ តាមរយៈបច្ចេកវិទ្យា ដោយនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ នេះ គម្រោងបានប្រកាសប្រគល់គោយន្ត ៥៧គ្រឿង និងគ្រឿងបង្គុំមួយចំនួនដល់សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហត នៅខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០%។
ពិធីប្រគល់គោយន្ត និងគ្រឿងបង្គុំនៅពេលនេះធ្វើឡើងក្រោមការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយដៃគូរធានាគារពិភពលោក (World Bank) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) មានគោលបំណងជំរុញផលិតកម្មពូជស្រូវស្រាលរបស់សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហត និងធ្វើទំនើបកម្មកសិកម្មប្រកបដោយចីរភាព។
ម៉ាស៊ីនគោយន្ត និងគ្រឿងបង្គុំកទាំងនេះនឹងរួមចំណែកដល់ការបង្កើនផលិតភាពរៀបចំដីបានលឿនជាងមុន ដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មនៅក្នុងសហគមន៍ និងលើកកម្ពស់ការរួមប្រកបដោយបរិយាប័ន ដោយកាត់បន្ថយបន្ទុកការងារសម្រាប់ស្ត្រី និងយុវជន។
សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហត ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាស្រ្តកង្ហត មានសមាជិក ១៧៨ គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ៨៥៣ ហិកតា នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។