កសិករដាំបន្លែ លោកស្រី វិត វឿន បានជម្រាប ឯកឧត្តម ហ៊ាន វណ្ណហន ប្រធានគណៈកម្មការតម្រង់ទិសពី អត្ថប្រយោជន៍នៃការដាំបន្លែក្នុងផ្ទះសំណាញ់

ចេញ​ផ្សាយ​ 23 Apr 2022
41271

ថ្ងៃច័ន្ទ ២រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២០៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមេសា ឆា្នំ២០២២ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតម្រង់ទិសនៃគម្រោងពិពិធកម្ម​កសិកម្មកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពសកម្មភាពការចិញ្ចឹមមាន់ ត្រីនិងកង្កែប និង​ការដាំ​បន្លែនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត​កណ្តាល ដែលជាសកម្មភាពអនុវត្តក្រោម កម្មវិធីសង្គ្រោះ​បន្ទាន់ដោយសារការរីករាល​ដាលនៃជំងឺកូវីដ១៩ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ ក្រុមការងារអញ្ជើញ​រួមដំណើរ​ជាមួយឯកឧត្តមប្រធានរួមមាន មន្ត្រី និងទីប្រឹក្សាគម្រោង អមដោយមន្ត្រី​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តកណ្តាល។

ដំណើរទស្សនៈកិច្ចនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖​ ពង្រឹងការងារបច្ចេកទេស ជាពិសេសផែនការអនុវត្តកម្មវិធីកសិធុរកិច្ចនៅថ្នាក់ក្រោមជាតិ ដោយ​មាន​​ជំនួយពី​ក្រុមការងារថ្នាក់ជាតិ ពិនិត្យ​ស្ថានភាពទូទៅរបស់សហគមន៍ និងពិភាក្សាពី​សក្តានុពលកសិផលដែលអាចពង្រីកទីផ្សារ​ជួបជាមួយអ្នកពាក់​ព័ន្ធដើម្បីពិភាក្សាពីបទពិសោធន៍ និងលទ្ធភាពរបស់សហគមន៍កសិកម្ម​ក្នុង​ការរៀបចំ​សំណើរពង្រីកកសិធុរកិច្ច​ ផ្តល់អនុសាសន៍ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដគោលដៅ និងសហគមន៍កសិកម្មអំពី​ដំណើរ​ការនៃការរៀបចំសំណើរកសិធុរកិច្ច និងព័ត៌មានពាក់ព័ន្ធ។

កម្មវិធីសង្គ្រោះ​បន្ទាន់ដោយសារការរីករាល​ដាលនៃជំងឺកូវីដ១៩ ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង​ដើម្បីយកឈ្នះទៅនឹងផលវិបាក ដែលបានកើតឡើងដោយសារការអូសបន្លាយនៃការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការពង្រឹងខ្សែចង្វាក់តម្លៃផ្គត់ផ្គង់ទីផ្សារបន្លែ ត្រី និងមាន់ សំដៅបង្កើនប្រាក់ចំណូល​ដល់កសិករ​ងាយ​រង​គ្រោះ។

ពាក់ព័ន្ធការដាំបន្លែ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា ការចូលរួមជាសហគមន៍របស់កសិករដាំ បន្លែពិតជាមានសារសំខាន់ណាស់ ព្រោះវាបានធានានិរន្តភាពទីផ្សារផ្គត់ផ្គង់បន្លែដល់អ្នកប្រើប្រាស់ទូទៅ និង នៅតាមទីផ្សារទំនើបក្នុងប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមបានផ្តល់អានុសាសន៍ដល់កសិករដាំបន្លែទាំង​អស់ថាដើម្បីឱ្យការផ្គត់ផ្គង់បន្លែមាននិរន្តរភាពទៅបាន ល្គឹកណាសហគមន៍កសិករដាំបន្លៃរៀបចំផែនការឱ្យបាន​ច្បាស់លាស់។

ការផ្តល់ផ្ទះសំណាញ់សម្រាប់ដាំបន្លែជាធាតុចូលកសិកម្មយ៉ាងសំខាន់ ដែលអាចជួយឱ្យកសិករ​កាត់​បន្ថយការចំណាយលើការប្រើជីគីមី អាចការពារបានពីពពួកសត្វល្អិតចង្រៃ ភាពធន់ទៅនឹងទឹកភ្លៀងជោគជាំ និង​អាចឱ្យកសិករដាំបានច្រើនដងក្នុងមួយឆ្នាំ។

លោកស្រី វិត វឿន អាយុ ៤៥ ឆ្នាំ កសិករដាំបន្លៃនៅសហគមន៍ឃុំស្វាយប្រទាល បានជម្រាបជូន ឯកឧត្តមប្រធានថា ការប្រើប្រាស់ផ្ទះសំណាញ់បានផ្តល់លទ្ធភាព​ឱ្យលោកស្រីទទួលបានទិន្នផលទ្វេរដង បន្លែ មានគុណភាពខ្ពស់ និងមិនប្រើប្រាស់ជីគីមី ជាពិសេសលោកស្រីអាចដាំបានច្រើនដងបើប្រៀបធៀបជាមួយ ការដាំបន្លែនៅតាមទីវាល ពោលគឺ៧ដងក្នុងមួយឆ្នាំ។ លោកស្រីបន្តថា លោកស្រីអាចប្រមូលផលម្តងបាន ៣៥០គីឡូក្រាម ក្នុងទំហំផ្ទះសំណាញ់ ១០ គុណ ២៤ ម៉ែត្រ និងអាចរកចំណូលបានជាង១ពាន់ដុល្លារ​ក្នុង​១ឆ្នាំ។

លោកស្រី វិ វឿន បានថ្លែងអំណរគុណដល់គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលបានផ្តល់ធាតុចូលកសិកម្ម មានដូចជាពូជបន្លែ និងផ្ទះសំណាញ់ ដែលអាចឱ្យ លោក ស្រីមានលទ្ធភាពបង្កើនប្រាក់ចំណូលគ្រួសារ និងអាចតស៊ូរស់បានជាមួយស្ថានភាពនៃជំងឺកូវីដ១៩។

សហគមន៍កសិកម្មឃុំប្រទាលបានទទួលធាតុចូលកសិកម្មសម្រាប់ចិញ្ចឹមមាន់ ត្រីនិងកង្កែប និងដាំបន្លែ​ពីកម្មវិធីសង្រ្គោះបន្ទាន់ឆ្លើយតបទៅនិងការរីករាលដាលនៃជំងឺកូវីដ១៩ (CERC) តាមរយៈគម្រោងពីពិធកម្ម​កសិកម្ម​កម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរយៈ៥ឆ្នាំ។