អំពីគម្រោង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាភាគីដឹកនាំអនុវត្តគម្រោង
អង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម ជាភ្នាក់ងារអនុវត្តគម្រោង។
គម្រោងអនុវត្តតាមតម្រូវការជាក់ស្តែងតាមរយៈផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំដែលមានសង្គតភាពជាមួយយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងក្រប ខ័ណ្ឌយុទ្ធសាស្រ្តរបស់ធនាគារពិភព។
ខេត្តគោលដៅគម្រោងៈ បាត់ដំបង រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ សៀមរាប កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងភ្នំពេញ
គោលដៅចម្បងរបស់គម្រោង គឺជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មក្នុងតំបន់គោលដៅកម្រោង។ គម្រោងមានសមាសភាគចំនួន៥៖
សមាសភាគទី១៖ ជំរុញពិពិធកម្មកសិកម្ម
- គាំទ្រដល់ការរៀបចំនិងការអនុវត្តពិពិធកម្មខែ្សច្រវាក់តម្លៃកសិកម្មដោយមានការសម្របសម្រួលរវាងភាគីពាក់ព័ន្ធដែលមានបំណងធ្វើអាជីវកម្មរួមគ្នា គាំទ្រដល់ការរៀបចំនិងការវាយតម្លៃលើសំណើពិពិធកម្ម និងផែនការពិពិធកម្មចំពោះសំណើដែលបានជ្រើសរើស និងផ្តល់ការគាំទ្របច្ចេកទេសដល់ក្រុម ផលិត និងអាជីវកម្មកសិ-ពាណិជ្ជកម្មខ្នាតតូចនិងមធ្យម។
- ផ្តល់ហិរញ្ញប្បទានដល់ការធ្វើពិពិធកម្មកសិកម្ម ដោយបង្កើតឲ្យមានសេវាឥណទានដែលបំពេញបន្ថែមដោយជំនួយហិរញ្ញវត្ថុ ផ្គូរផ្គងដល់ក្រុមផលិតនិងអាជីវកម្មកសិ-ពាណិជ្ជកម្មខ្នាតតូចនិងមធ្យមដើម្បីផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃ។
សមាសភាគទី២៖ គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណ
- កែលម្អ ឬស្តារឡើងវិញប្រព័ន្ធស្រោចស្រប់ដែលបញ្ជាក់នៅក្នុងផែនការពិពិធកម្ម
- លើកកម្ពស់ការតភ្ជាប់ផ្លូវពីកសិដ្ឋានទៅកាន់ទីផ្សារដែលបញ្ជាក់នៅក្នុងផែនការពិពិធកម្ម។
សមាសភាគទី៣៖ លើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងគ្រប់គ្រងការត្រួតពិនិត្យគុណភាព
- គាំទ្រដល់ការប្រមូលនិងការផ្សព្វផ្សាយព័ត៌មានបច្ចេកទេស ព័ត៌មានទីផ្សារ ការវិភាគ និងការធ្វើផែនការគោលនយោបាយ។
- ពង្រឹងប្រសិទ្ធភាពនៃការការពារដំណាំនិងភូតគាមអនាម័យ សុខភាពសត្វ និងការត្រួតពិនិត្យសុវត្ថិភាពស្បៀង ការធ្វើរបាយការណ៍និងប្រព័ន្ធអធិការកិច្ច និងប្រព័ន្ធជំរុញការអនុវត្តលិខិតបទដ្ឋាននៃធាតុចូលកសិកម្ម រួមមានការចេញវិញ្ញាបនប័ត្របញ្ជាក់ ការចេញច្បាប់អនុញ្ញាត និងសេវាគ្រប់គ្រងនិងត្រួតពិនិត្យគុណភាពផ្សេងទៀត ការបង្កើតនិងការអនុវត្តបទបញ្ញត្តិស្តីពីការអនុវត្តកសិកម្មល្អ និងផលិតផលសរីរាង្គ និងការអនុវត្តការចិញ្ចឹមសត្វល្អ និងការប្រើអត្តសញ្ញាណសំគាល់ភូមិសាស្រ្ត។
សមាសភាគទី៤៖ ការគ្រប់គ្រង ការសម្របសម្រួល និងការតាមដាននិងវាយតម្លៃគម្រោង
- ផ្តល់មន្រ្តី និងទីប្រឹក្សាសំខាន់ៗក្នុងការសម្របសម្រួល និងអនុវត្តគម្រោង ដើម្បី ជួយដល់អង្គភាពសម្របសម្រួលគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការគ្រប់គ្រងគម្រោង និងសហការជាមួយក្រុមការងារបច្ចេកទេស កសិកម្មនិងទឹក និងគម្រោងផ្សេងៗទៀត។ គណៈកម្មាការតម្រង់ទិសគម្រោង សម្របសម្រួលគោលនយោបាយ ក្របខ័ណ្ឌច្បាប់/ការសម្រេចចិត្ត និងផ្តល់ គោលការណ៍ណែនាំជាយុទ្ធសាស្រ្ត និងដោះស្រាយបញ្ហាប្រឈមនានា។
- ជួលទីប្រឹក្សាបច្ចេកទេសដើម្បីគាំទ្រដល់ការអនុវត្តគម្រោង និងការពង្រឹង សមត្ថភាពដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភាគីពាក់ព័ន្ធ ផ្សេងទៀត។
សមាសភាគទី៥៖ ការធ្វើអន្តរាគមន៍សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់
ផ្តល់ការឆ្លើយតបជាបន្ទាន់ក្នុងករណីមានវិបត្តិ និងសង្គ្រោះបន្ទាន់នៅពេលមានការចាំបាច់។