សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រើប្រាស់គ្រឿងចក្ររួមគ្នា ដើម្បីដោះស្រាយបញ្ហាកម្លាំងពលកម្ម និងបង្កើនផលិតភាពកសិកម្ម។ តាមរយៈការប្រមូលផ្តុំធនធាន កសិករខ្នាតតូចអាចទទួលបានឧបករណ៍កសិកម្មដែលមានតម្លៃសមរម្យដូចជា ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ ដែលកាត់បន្ថយថ្លៃដើម និងជួយពួកគាត់ឱ្យរក្សាការប្រកួតប្រជែងធៀបទៅនឹងសេវាកម្មដែលផ្តល់ដោយឯកជន។
នៅសប្តាហ៍នេះ គម្រោង CASDP បានផ្តល់ត្រាក់ទ័រគោយន្តចំនួន១៥គ្រឿង និងម៉ាស៊ីន១៨គ្រឿង តាមរយៈជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0%។ ជំនួយជាគ្រឿងយន្តកសិកម្មនេះមានគោលបំណងកែលម្អគុណភាពពូជស្រូវសែនក្រអូប និងស្រង៉ែស្រាល ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មសម្ភារកសិកម្មបានប្រសើរជាងមុន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) តាមរយៈ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) កំពុងប្តេជ្ញាសហការជាមួយសហគមន៍កសិកម្ម ដើម្បីបង្កើនផលិតកម្មស្រូវ ដោយផ្តល់ដើមទុនវិនិយោគ និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ការគាំទ្រនេះអនុញ្ញាតឱ្យកសិករខ្នាតតូចទទួលយកបច្ចេកវិទ្យា និងគ្រឿងចក្រទំនើបៗ ដែលអាចជួយដោះស្រាយឧបសគ្គរបស់កសិករលើទុនបង្វិល និងប្រែក្លាយកសិករធ្វើកសិកម្មដើម្បីគ្រាន់តែចិញ្ចឹមជីវិតទៅជាទម្រង់កសិកម្មពាណិជ្ជកម្ម។
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក និងអនុវត្តដោយក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម គម្រោង CASDP បានអនុម័តជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ដល់សហគមន៍កសិកម្ម ដែលមានទឹកចំនួន ៧៨,២៨០ ដុល្លារអាមេរិក ក្នុងទម្រង់ជាគ្រឿងយន្តកសិកម្ម រួមទាំងត្រាក់ទ័រគោយន្ត ។ល។ ជំនួយឥតសំណងនេះផ្តល់អត្ថប្រយោជន៍ដល់គ្រួសារកសិករចំនួន៣៤ គ្រួសារ លើផ្ទៃដី ១២១៩ ហិកតា។