បាត់ដំបង៖ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank), គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) កំពុងប្តេជ្ញាសហការជាមួយសហគមន៍កសិកម្មតាសីសាមគ្គី នៅឃុំរូងជ្រៃ និងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីបង្កើនផលិតភាពស្រោចស្រពបានទៅដល់ផ្ទៃដីផលិតកម្មផ្ទាល់របស់កសិករ។ គំនិតផ្តួចផ្តើមនេះមានគោលដៅបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់ដំណាំជាក់លាក់ ធានាមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការដាំដុះ និងកាត់បន្ថយការប្រើប្រាស់ទឹកក្រៅផលិតកម្ម។
កិច្ចអន្តរាគមមន៍នេះជាជំហានដ៏សំខាន់មួយដោះស្រាយបញ្ហាប្រឈមផ្នែកខ្វះប្រព័ន្ធស្តុកទុកទឹក និងប្រព័ន្ធបង្ហូរទឹកសម្រាប់ប្រើប្រាស់ ដែលកសិករភាគច្រើនធ្លាប់តែពឹងផ្អែកលើប្រព័ន្ធចែកចាយទឹកបែបប្រពៃណីមិនមានប្រសិទ្ធភាពសម្រាប់ការដាំដុះ។
ម៉ាស៊ីនបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រូវបានប្រើប្រាស់សម្រាប់ទាញទឹកមកស្រោចស្រពគ្រប់ពេលមានត្រូវការ ជាពិសេសក្នុងរដូវប្រាំង។ បច្ចុប្បន្ន ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពដែលអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) បានបញ្ចប់បាន ៨0% ហើយ ជាមួយវឌ្ឍនភាពសំខាន់ៗរួមាន ការងារស្តារស្រះ ការដំឡើងជើងទម្រផ្ទាំងសឡា ការដំឡើងជើងស្ថានីយ៍បូមទឹក អណ្តូងទឹកក្រោមដី និងបន្ទប់ប្រតិបត្តិការ។
តាមរយៈគម្រោង CASDP កសិករ និងសហគមន៍កសិកម្មតាសីសាមគ្គី នឹងទទួលបានទឹកគ្រប់គ្រាន់ចាំបាច់សម្រាប់ដំណាំរបស់ពួកគាត់ ដែលអនុញ្ញាតិឱ្យកសិករបង្កើនផលិតភាពខ្ពស់នៅក្នុងតំបន់រាំងស្ងួតនារដូវប្រាំង។ ប្រព័ន្ធស្រោចស្រព និងសម្ភារៈចាំបាច់ទាំងនេះនឹងប្រែក្លាយកសិករដែលធ្លាប់តែពឹងផ្អែកលើទឹកភ្លៀងងាកមកដាំបន្លែពេញមួយឆ្នាំបាន។ លើសពីនេះ ប្រព័ន្ធស្រោចស្រពថ្មីប្រើប្រព័ន្ធសូឡានេះអនុញ្ញាតឱ្យកសិករមានលទ្ធភាពសន្សំសំចៃទឹក និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្តុកទឹក ដូចជាស្រះ និងទំនប់ទឹកបន្ថែមទៀតបាន។