នៅឆ្នាំ ២០២៣ សហគមន៍កសិកម្មកន្ត្រាំងបល្ល័ង្គរស្មីស្រ្តីសាមគ្គីមានសមាជិកចំនួន ៣១៦ នាក់ ក្នុងនោះស្ត្រី ២៥០ នាក់ មកពីភូមិចំនួន ១៦ ក្នុងឃុំកន្ត្រាង និងឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ សហគមន៍នេះបានដាំដុះដំណាំចំនួនបួនប្រភេទលើផ្ទៃដី ១០,០០០ ម៉ែត្រការ៉េ ដោយផលិតបានជាមធ្យម ៣,២ តោនក្នុងមួយវដ្តដំណាំ និង ១២,៨ តោនជារៀងរាល់ឆ្នាំ។
សហគមន៍កសិកម្មនេះបានបង្កើតក្រុមផលិតបន្លែកន្ត្រាំងសាមគ្គី ដើម្បីផ្គត់ផ្គង់ទាំងបន្លែដាំដុះនៅទីវាល និងបន្លែដាំដុះនៅក្នុងផ្ទះសំណាញ់។ ដើម្បីសម្រេចបាននូវគោលបំណងនេះ សហគមន៍បានធ្វើនវានុវត្តន៍ដាំដុះ និងដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេកទេសដំណាំដែលមានទិន្នផលខ្ពស់ និរន្តរភាពទុនបង្វិលសម្រាប់ឆ្លើយតបតាមការបញ្ជាទិញ និងរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៅកម្ពុជា។
សមាជិកត្រូវបានលើកទឹកចិត្តឱ្យរៀបចំជាក្រុមតាមតួនាទី សម្របសម្រួលការបណ្តុះបណ្តាលសមាជិក និងកំណត់គោលដៅហិរញ្ញវត្ថុច្បាស់លាស់។ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ជ្រើសរើសគ្រាប់ពូជដែលធន់នឹងអាកាសធាតុ ផ្តល់ការបណ្តុះបណ្តាលជំនាញ បង្កើតកាលវិភាគដាំដុះ និងតាមដានទិន្នន័យឱ្យបានត្រឹមត្រូវស្របតាមតម្រូវការទីផ្សារ។
ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម (MAFF, MEF, MRD និង MoWRAM) គម្រោង CASDP បានផ្តល់ហិរញ្ញប្បទានឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ 40% ដល់សហគមន៍ ដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់បន្លែសុវត្ថិភាព និងបង្កើនប្រាក់ចំណូល។ ការគាំទ្រនេះអនុញ្ញាតិឱ្យសមាជិកអ្នកផលិតមានសមត្ថភាពផលិតបន្លែសុវត្ថិភាព មានភាពធន់នឹងអាកាសធាតុ និងទទួលបានទីផ្សារល្អ សំដៅលើកម្ពស់ជីវភាពរយៈពេលវែង។ ផែនការដាំដុះបន្លែផ្ទះសំណាញ់មានគោលដៅផលិតឱ្យបាន១៣០ តោនក្នុង១ឆ្នាំ និង ៤៥០ តោនក្នុងរយៈពេល៣ឆ្នាំ។ ហិរញ្ញប្បទាននេះបានផ្តល់តាមរយៈការសាងសង់ផ្ទះសំណាញ់ចំនួន ៥៣ ខ្នង សម្រាប់ដំណាំ៩ប្រភេទ ដែលអាចផលិតបានចំនួន២៣ តោនក្នុង១វដ្តដំណាំ និង ១១៧ តោនក្នុង១ឆ្នាំ។ ជាមួយគ្នានេះដែរ ដើម្បីកែលម្អផ្លូវកសិកម្មសម្រាប់ដឹកជញ្ជូនពីកសិដ្ឋានទៅកាន់ទីផ្សារ គម្រោង CASDP បានកែលម្អផ្លូវពីរខ្សែមានផ្លូវប្រវែង ៥.៨ គីឡូម៉ែត្រ ដោយអាចជួួយកាត់បន្ថយថ្លៃដើមផលិតកម្មបាន។ ក្រោមជំនួយរបស់គម្រោង សហគមន៍បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ជាមួយក្រុមអ្នកទិញចំនួនបួន ជាឱកាសពង្រីកទីផ្សារបន្លែនៅក្នុងស្រុក។ កិច្ចព្រមព្រៀងជាមួយអ្នកទិញដែលមានសក្តានុពល ត្រូវគេរំពឹងថាមានតម្រូវការបន្លែ និងប្រាក់ចំណូលកើនឡើង និងកសិករអ្នកផលិតមានជីវភាពប្រសើរឡើង។
សមាជិកភាគច្រើនជាក្រុមផលិតដែលមានបទពិសោធន៍ដាំដុះបន្លែនៅទីវាល ភាគច្រើនជាស្ត្រីវ័យពេញកម្លាំងដែលធ្វើស្រែចម្ការនៅជិតផ្ទះរបស់ពួកគេ។ គម្រោងនេះលើកទឹកចិត្តពួកគេនៅជាមួយគ្រួសារនៅក្នុងសហគមន៍របស់ពួកគេ និងគាំទ្ររៀបចំកម្មវិធីអប់រំបន្ថែម។ ការដាំដុះបន្លែសុវត្ថិភាពបានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ខេត្តសៀមរាប ដោយផលិតកម្មបន្លែបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានស្តង់ដារទាំងបរិមាណ គុណភាព និងភាពអាចរកបានគ្រប់ទីកន្លែង។ តាមរយៈការលើកកម្ពស់ការដាំដុះបន្លែប្រកបដោយសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ និងនៅទីវាល និងការផ្តល់អំណាចដល់ស្ត្រីក្នុងការសម្រេចចិត្ត គម្រោងពិពិធកម្មកសិកម្មកម្ពុជាបានចូលរួមជួយពង្រឹងតួនាទីរបស់ស្ត្រីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។