គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានបើកវគ្គបណ្តុះបណ្តាលជំនាញលទ្ធកម្មសហគមន៍កសិកម្ម នៅខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ 19 Feb 2026
5
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានបើកវគ្គបណ្តុះបណ្តាលជំនាញផ្នែកលទ្ធកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) ខេត្តពោធិ៍សាត់។ សិក្ខាកាមចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមានមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត (បាត់ដំបង ស្ទឹងត្រែង ពោធិ៍សាត់ ព្រៃវែង និងត្បូងឃ្មុំ) និង សមាជិកគណៈកម្មការកិច្ចលទ្ធកម្មសហគមន៍កសិកម្មចំនួន ១១។ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំសម្របសម្រួលដោយ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP។
មន្ត្រីនៃមន្ទីរកសិកម្ម និងសមាជិកគណៈកម្មការលទ្ធកម្មសហគមន៍កសិកម្មនឹងទទួលបានចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងពីវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ដើម្បីគាំទ្រដល់ការរៀបចំការដេញថ្លៃកញ្ចប់លទ្ធកម្មសហគមន៍កសិកម្ម និងផ្តល់អនុសាសន៍លើកិច្ចសន្យាសម្រាប់ការពិចារណារបស់ថ្នាក់ដឹកនាំគម្រោង CASDP។
ដោយប្រើប្រាស់ហិរញ្ញទានពីធនាគារពិភពលោក (World Bank) សហគមន៍កសិកម្មចំនួន១១ ក្នុងចំណោមសហគមន៍ជាង១០០ ដែលបានទទួលហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគចំនួន ៤០% ពីគម្រោង CASDP ក្នុងទម្រង់ជាធាតុចូលកសិកម្ម ដែលផ្គត់ផ្គង់ដោយអ្នកម៉ៅការ ឬអ្នកផ្គត់ផ្គង់ផ្សេងៗ។ តាមការគ្រោងទុក វគ្គបណ្តុះបណ្តាលនឹងធានាបន្ថែមទៀតថារាល់សកម្មភាពលទ្ធកម្មទាំងអស់ត្រូវបានអនុវត្តស្របតាមគោលដៅគម្រោង មានសមធម៌ មានតម្លាភាព គោរពតាមគោលការណ៍លទ្ធកម្ម ជៀសវាងជម្លោះផលប្រយោជន៍ដែលអាចកើតមានជាយថាហេតុ និងចុងក្រោយសម្រេចបានការផ្គត់ផ្គង់មួយមានគុណភាពខ្ពស់បំផុត និងតម្លៃល្អបំផុតសម្រាប់ទាំងអស់គ្នា។
គម្រោង CASDP មានគោលបំណងលើកកម្ពស់ការអនុវត្តខ្សែសង្វាក់តម្លៃពិពិធកសិកម្ម នៅក្នុងខេត្តគោលដៅនៃប្រទេសកម្ពុជា។ គម្រោងអនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ចាប់ឆ្នាំ ២០១៩ ដល់ ២០២៦។