កិច្ចប្រជុំបូកសរុបបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ របស់ធនាគារពិភពលោកសម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)

ចេញ​ផ្សាយ​ 19 Feb 2026
5
ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦៖ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងលោកស្រី មូឌីតា ចំរើន ប្រធានក្រុមការងារធនាគារពិភពលោកសម្រាប់គម្រោង CASDP បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ (ISM) របស់ធនាគារពិភពលោកសម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ក្រុមការងារបេសកកម្មបានពិនិត្យលើវឌ្ឍនភាព លទ្ធផលអភិវឌ្ឍន៍ និងដំណើរការ ប្រព្រឹត្តទៅរបស់គម្រោង ដូចជា ការវាយតម្លៃការអនុវត្តស្របតាមគោលគោលការណ៍ ដែលបានកំណត់ដោយគម្រោង ហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងគម្រោងជារួម។ កិច្ចប្រជុំក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗនូវមធ្យោបាយចម្រុះដើម្បីកែលម្អប្រសិទ្ធភាព សំដៅធានាការអនុវត្តសកម្មភាពគម្រោងបានទាន់ពេលវេលា និងគាំទ្រគំនិតផ្តួចផ្តើមនានាសម្រាប់គាំទ្រសកម្មភាពពិពិធកម្មកសិកម្ម និងកសិអាជីវកម្ម ដែលកំពុងត្រូវបានអនុវត្តដោយសហគមន៍កសិកម្មក្រោមកម្មវិធីគម្រោង CASDP តាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដើម្បីជំរុញប្រតិបត្តិការកសិអាជីវកម្ម និងការគាំទ្រ១០០% សម្រាប់ការកែលម្អប្រព័ន្ធស្រោចស្រពសាធារណៈ និងផ្លូវកសិកម្មនៅក្នុងតំបន់គោលដៅគម្រោងដោយតភ្ជាប់ពីកសិដ្ឋានទៅកាន់ទីផ្សារសម្រាប់ផលិតផលកសិកម្ម។
កិច្ចប្រជុំបេសកកម្មគាំទ្រការអនុវត្តគម្រោងលើីកទី១០ របស់ធនាគារពិភពលោក បានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ ឯកឧត្តម ឃឹម ហ្វីណង់ និងតំណាងមកពីអន្តរក្រសួង រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំក៏បានចែករំលែកនូវគំនិតផ្តួចផ្តើមនានាដែលទទួលបានពីកសិករអ្នកទទួលផល ក្នុងពេលដំណើរទស្សនកិច្ចទៅកាន់សហគមន៍កសិកម្ម។ កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះធាតុចូល ដែលប្រធានដឹកនាំបេសកកម្ម និងសហការី និងក្រុមការងារអនុវត្តផ្ទាល់ជាមួយសហគមន៍កសិកម្ម។ លើសពីនេះ ក្រុមបេសកកម្មធនាគារពិភពលោកបានលើកជាអនុសាសន៍មួយចំនួនគាំទ្រអ្នកពាក់ព័ន្ធនានារបស់គម្រោង CASDP ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពេលអនុវត្តគម្រោងបានប្រសើរជាងនេះនៅគ្រប់កម្រិត រួមមានកម្រិតគ្រប់គ្រងគម្រោង សហគមន៍កសិកម្ម និងក្រុមអ្នកផលិត។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះដែរមានតំណាងមកពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ្ថុ (MEF), ក្រសួងអភិវឌ្ឍន៍ជនបទ (MRD), ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM), ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ របស់ធនាគារពិភពលោក (WB-ISM10) មន្ត្រីរដ្ឋាភិបាល និងបុគ្គលិកគម្រោង។