សហគមន៍កសិកម្មចំនួន១៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 19 Feb 2026
4
សូមអបអរសាទរចំពោះសហគមន៍កសិកម្មចំនួន១៧ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank)។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP បានអញ្ជើញចុះហត្ថលេខាជាមួយតំណាងសហគមន៍កសិកម្មទាំង១៧ ដែលបានប្រារព្វធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
នៅក្នុងអង្គពិធីចុះហត្ថលេខា ឯកឧត្តម នាយកគម្រោង បានមានប្រសាសន៍ថា សហគមន៍កសិកម្មចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សរុបជាទឹកប្រាក់ជិត ៩ លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងប្រមាណ ៦ លានដុល្លារ ទៀតជាកម្ចីដើមទុនការប្រាក់ទាប។
ចូលរួមក្នុងពិធីចុះហត្ថលេខា មានសហគមន៍កសិកម្មចំនួន១១ ក្នុងចំណោមសហគមន៍ទាំង១៧ ក្នុងនោះមាន៦ ជាសហគមន៍កសិកម្មទំនើបមកពីខេត្តសៀមរាប ដែលជាចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំង៨ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅក្នុងវគ្គនេះ។
គួរបញ្ជាក់ថា នេះជាសហគមន៍កសិកម្មចុងក្រោយ ដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គភាពអនុវត្តគម្រោងមកពីអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ដែលគ្រោងបិទបញ្ចប់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៦។