បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ (ISM) របស់ធនាគារពិភពលោកសម្រាប់ គម្រោងពិពិធកម្ម កសិកម្មកម្ពុជាឆ្នាំ២០២៦

ចេញ​ផ្សាយ​ 19 Feb 2026
6
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដឹកនាំក្រុមការងារគម្រោងរួមជាមួយក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ (ISM) របស់ធនាគារពិភពលោក ធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្មមួយចំនួនក្នុងខេត្តកំពុងធំ សៀមរាប និងបាត់ដំបង។ ទស្សនកិច្ចសិក្សាបានផ្តោតលើកិច្ចពិភាក្សាស៊ីជម្រៅនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្រ្តពិពិធកម្មកសិកម្ម និងផែនការកសិអាជីវកម្ម ការពង្រឹងទំនាក់ទំនងភាគីពាក់ព័ន្ធ និងការបង្កើនសកម្មភាពសហប្រតិបត្តិការអនុវត្តសកម្មភាពក្រោមហិរញ្ញប្បទានធនាគារពិភពលោក តាមរយៈគម្រោង CASDP។ ក្រុមការងារ ISM បានពិនិត្យសកម្មភាពដែលបានកំពុងអនុវត្តដោយសហគមន៍អភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ សហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីសាមគ្គី និងសហគមន៍កសិកម្មទំនើបអង្ករសុវត្ថិភាពស្រុកឯកភ្នំ — និងបានអញ្ចើញចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដល់សហគមនន៍កសិកម្មចំនួន៤ ធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង (PDAFF)។
ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០នៃធនាគារពិភពលោក ដឹកនាំដោយលោកស្រី មូឌីតា ចំរើន ប្រធានក្រុមការងារធនគារពិភពលោកសម្រាប់គម្រោង CASDP និងជាអ្នកជំនាញការជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ រួមជាមួយអ្នកឯកទេសជាន់ខ្ពស់ និងទីប្រឹក្សាតាមវិស័យសំខាន់ៗមួយចំនួនទៀត។ ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ ក្រុមការងារបានជួបជាមួយសមាជិកនៃសហគមន៍អភិវឌ្ឍន៍ដំណាំស្រូវកំពុងធំ និងសហគមន៍អភិវឌ្ឍន៍ស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សារួមមាន កិច្ចពិភាក្សាលើការធ្វើពិពិធកម្មកសិកម្ម និងផែនការកសិ-អាជីវកម្មសម្រាប់ពូជស្រូវ ការពិនិត្យប្រតិបត្តិការសហគមន៍ ការវាយតម្លៃបរិមាណផលិតកម្ម ការកំណត់តម្រូវការធនធាន និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងពេលអនុវត្ត។
នៅថ្ងៃដដែល ក្រុមការងារបេសកកម្មបានទៅទស្សនាផ្ទះសំណាញ់ គម្រោងប្រព័ន្ធស្រោចស្រពសាធារណៈ និងការកែលម្អផ្លូវកសិកម្មនៅកម្រិតសហគមន៍។ ក្រុមការងារបានជួបជាមួយក្រុមអ្នកផលិតមកពី សហគមន៍កសិកម្មកន្ត្រាំងបល្ល័ង្ករស្មីស្រ្តីសាមគ្គី និងសហគមន៍តាសីសាមគ្គី ដោយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្រោមការអនុវត្តផែនការកសិ-ពាណិជ្ជកម្ម និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។ ក្រុមការងារបានសំដែងការពេញចិត្តនូវម៉ូឌែលអភិវឌ្ឍន៍សហគមន៍ ដែលបានផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ផលិតកម្មបន្លែសុវត្ថិភាពផ្ទះសំណាញ់ និងបានធ្វើទស្សនកិច្ចតាមតំបន់កសិដ្ឋានមិនមែនបន្លែសុវត្ថិភាពនៅជុំវិញរោងបន្លែផងដែរ។ នាឱកាសនោះ ក្រុមការងារបេសកកម្មក៏បានប្រមូលមតិយោបល់ត្រឡប់លើបញ្ហាប្រឈមបច្ចុប្បន្ន និងឱកាសអភិវឌ្ឍន៍កសិកម្មរយៈពេលវែងផងដែរ។
ឆ្លៀតក្នុងឱកាសក្រៅជំនួបជាមួយសហកមន៍កសិកម្ម ក្រុមការងារបេសកកម្ម WB-ISM10 បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ដល់សហគមន៍កសិកម្មចំនួន ៤ ដែលមានទឹកប្រាក់ប្រហែល ១៩០,០០០ ដុល្លារអាមេរិក ក្រោមគម្រោង CASDP។ ថិវិកានេះ នឹងត្រូវផ្តល់ដល់សហគមន៍កសិកម្មរាំងកេសរចំនួន ៧៥,៨០០ ដុល្លារអាមេរិក សហគមន៍កសិកម្មកំពុងល្ពៅទទួលបាន ៣៤,៨៦៤ ដុល្លារអាមេរិក សហគមន៍កសិកម្មកំពីងពួយទទួលបាន ៥០,៧៦៨ ដុល្លារអាមេរិក និង ថវិកា ចំនួន ២៩,៤៨៨ ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូនសហគមន៍កសិកម្មផលិតដំណាំស្រូវសង្ហាផល។ ការបែងចែកថវិកាទាំងអស់នេះគឺធ្វើឡើងសម្រាប់តែការទិញសម្ភារៈកសិកម្ម បម្រើឱ្យសកម្មភាពផលិតកម្មកសិកម្មតែប៉ុណ្ណោះ។ នាឱកាសនោះ ក្រុមការងារបេសកកម្មក៏បានផ្តល់អានុសាសន៍សកម្មភាពដល់ភាគីពាក់ព័ន្ធត្រូវបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហាប្រឈមនានារបស់សហគមន៍ ដោយលើកឡើងថារាល់កិច្ចអន្តរាគមន៍របស់គម្រោងជាបន្តបន្ទាប់តែងចង់ឃើញវឌ្ឍនភាពរបស់សហគមន៍កសិកម្មនាពេអនាគត ការគាំទ្រលើកទឹកចិត្ត និងការប្តេជ្ញាចិត្តពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាអាទិភាព។