ភ្នំពេញ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំ “គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត” ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងកសិធុរកិច្ចសហគមន៍កសិកម្ម និងអនុម័តលើរបាយការណ៍វាយតម្លៃសំណើពិពិធកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មសង្ហាផល។
នាឱកាសនោះដែរ គណៈកម្មការប្រឹក្សាយោបល់និងអនុម័ត បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគចំនួន៤០% នៃសំណើទុនវិនិយោគលើផែនការពិពិធកម្ម តាមសំណើររបស់ “សហគមន៍កសិកម្មសង្ហាផល” មានទីតាំងស្ថិតនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង សម្រាប់ “ពង្រីកខ្សែច្រវាក់ផលិតកម្មស្រូវពូជ” ដោយគ្រាន់តែកែសម្រួលព័ត៌មានបន្ថែមមួយចំនួន ដើម្បីធ្វើឱ្យផែនការពិពិធកម្ម និងធុរកិច្ចមានព័ត៌មានគ្រប់ជ្រុងជ្រោយ។
នៅកម្រិតសហគមន៍ ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% នឹងត្រូវបានប្រើប្រាស់សម្រាប់៖(១) ទិញ-លក់ពូជស្រូវស្រង៉ែ (២)ផ្តល់សេវាកម្មម៉ាស៊ីនច្រូតស្រូវ (៣) សេវាកម្មដឹកជញ្ជូនដោយគោយន្ត និង(៤)សេវាកម្មវាយដីដោយគោយន្ត។ សម្រាប់កម្រិតក្រុមផលិតដែលមានសមាជិក ២០ គ្រួសារ ហិរញ្ញប្បទាននេះនឹងត្រូវប្រើប្រាស់សម្រាប់ផលិតពូជស្រូវសែនក្រអូប និងពូជស្រូវស្រង៉ែស្រាល សម្រាប់ផ្គត់ផ្គង់ដល់សហគមន៍កសិកម្ម និងលក់ជូនឈ្មួញបញ្ជាទិញ។
ហិរញ្ញប្បទានដែលមានថវិកា ២៩ ៤៨៨ ដុល្លារអាមេរិក នឹងអនុញ្ញាតិឱ្យសហគមន៍កសិកម្មសង្ហាផល ជាពិសេសក្រុមផលិត មានលទ្ធភាពផលិតស្រូវពូជ (សែនក្រអូប និងស្រង៉ែស្រាល) សរុបបាន ៤៨២,៤០ តោន/ឆ្នាំ លើផ្ទៃដីផលិតកម្មសរុបចំនួន៦០,៣០ ហត (ផលិតបាន២ដង/ឆ្នាំ) ដែលនឹងអាចជួយបង្កើនប្រាក់ចំណូលដល់សហគមន៍ និងសមាជិកក្រុមផលិត។
ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា គាំទ្រដោយធនាគារពិភពលោក (World Bank) និងអនុវត្តដោយអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម មានគោលបំណងសម្របសម្រួលខ្សែច្រវាក់តម្លៃពិពិធកម្មកសិកម្ម នៅក្នុងតំបន់ភូមិសាស្រ្តគោលដៅគម្រោង១៨ខេត្តក្រុងនៃប្រទេសកម្ពុជា។
កិច្ចប្រជុំនេះបានដំណើរការតាមរយៈប្រព័ន្ធ Zoom ដឹកនាំដោយ ឯកឧត្ដម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ និងអនុម័ត គម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម, និងតំណាងវិស័យឯកជន សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីផ្ដល់ការគាំទ្រហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា។