ព្រះវិហារ៖ សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី ក្នុងឃុំសង្កែពី ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីកការដាំដុះដំឡូងមីជាច្រើនប្រភេទ។ សហគមន៍កសិកម្មកំពុងដាំដុះដំឡូងមីលើផ្ទៃដីសរុបចំនួន ២៥៦ ហិចតា ដែលមានសមត្ថភាពផលិតដំឡូងមីបាន ៥,២២៧ តោនជារៀងរាល់ឆ្នាំ។
ចាប់តាំងពីសហគមន៍បានបង្កើតឡើងនៅឆ្នាំ ២០១៤ មក សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ ដោយបានប្តេជ្ញាចិត្តខ្ពស់ចំពោះផលិតកម្មដំឡូងមីសរីរាង្គ។
ជារៀងរាល់ឆ្នាំ សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី បានពុះពារដោះស្រាយបញ្ហាប្រឈមនានា និងបានកែលម្អប្រតិបត្តិការផលិតកម្មរបស់ខ្លួន តាមរយៈការប្តេជ្ញាចិត្ត និងការធ្វើការជាក្រុម។
សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី មានសមាជិកសកម្មជាង ៣៧ នាក់មកពី ៨៩ គ្រួសារនៅក្នុងស្រុកឆែប បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្គត់ផ្គង់ដំឡូងមីសរីរាង្គក្នុងតំបន់ ដោយផលិតបាន ៣,១៦០ តោនលើផ្ទៃដី ១,៥៤៩ ហិកតា។ ផលិតកម្មដំឡូងមីនេះ អនុញ្ញាតិឱ្យសហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី មានលទ្ធភាពបង្កើតឱកាសសេដ្ឋកិច្ចយូរអង្វែងសម្រាប់សមាជិករបស់ខ្លួន។
កសិករសហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី បានធ្វើការរួមគ្នាលើការរៀបចំដី ការដាំដុះ និងការប្រមូលផល ដោយធានាបាននូវផលិតកម្មដំឡុងមីមានគុណភាពជាប់លាប់។
សប្តាហ៍នេះ សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី បានទទួលគោយន្តចំនួន ២៨ គ្រឿង ដែលមានឧបករណ៍មកជាមួយ។ ការផ្តល់សម្ភារកសិកម្មនេះត្រូវបានធ្វើឡើងតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជាកម្មវិធីមួយអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។ គម្រោង CASDP ផ្តល់ជំនួយឥតសំណងឥតសំណងបំបេញបន្ថែមទុនវិនិយោគ ៤០% នៃការចំណាយសរុប ខណៈពេលដែលអ្នកទទួលផលត្រូវចេញបន្ថែម ៦០% ។
លោកស្រី អ៊ុន ម៉ាឡែន សមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី បានឱ្យដឹងថា ជំនួយនេះបានមកទាន់ពេលវេលា ហើយនឹងជួយកសិរកឱ្យមានលទ្ធភាពពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន។ លោកស្រីបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ CASDP។
ជាមួយគ្នានេះដែរ នៅក្នុងពិធីប្រគល់សម្ភារកសិកម្ម លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសរសើរចំពោះការលះបង់របស់សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី ចំពោះវិស័យកសិកម្ម និងបង្កើនប្រាក់ចំណូលដែលបានមកពីការធ្វើទំនើបកម្មសម្ភារកសិកម្មនោបេលនេះ។
លោក ស្រ៊ុន បូរិន បានមានប្រសាសន៍ថា "សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី បានបង្ហាញយ៉ាងច្បាស់ពីរបៀបដែលកសិករអាចរក្សាបាននិរន្តរភាពពផលិតភាពផលិតកម្មកសិកម្ម ខណៈពេលដែលជាមុខរបរបន្តពីដូនតារបស់ពួកគេមក។
សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពី នៅតែមានសុទិដ្ឋិនិយមថា កិច្ចសហការ និងការគាំទ្រជាបន្តបន្ទាប់នឹងអាចឱ្យខ្លួនមានសមត្ថភាពពង្រីកសកម្មភាពរបស់ខ្លួន និងដោះស្រាយបញ្ហាប្រឈមផ្នែកអាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយៗ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងលើកទឹកចិត្តយុវជន និងស្ត្រីឱ្យចូលរួមក្នុងវិស័យកសិកម្មដោយបង្កើតសហគមន៍ទំនើប ដោយពួកគេមានតួនាទីសំខាន់ក្នុងការពង្រឹងវិស័យនេះ។