ភ្នំពេញ៖ ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី ១០ របស់ធនាគារពិភពលោក (WB-ISM10) បានបើកកិច្ចប្រជុំដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងជានាយកគម្រោង CASDP និងលោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង CASDP នៃធនាគារពិភពលោក (WB-CASDP) បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) និងធនាគារពិភពលោក (WB) បុគ្គលិកគម្រោង និងទីប្រឹក្សាជាតិ អន្តរជាតិ។
កិច្ចប្រជុំក្រុមការងារបេសកកម្មនេះនឹងវាយតម្លៃពីសមិទ្ធផល និងនិរន្តរភាពគម្រោង ហើយក៏នឹងកំណត់ថាតើគម្រោងនេះត្រូវបានអនុវត្តស្របតាមក្របខ័ណ្ឌលទ្ធផលសំខាន់ៗដែរឬទេ។ លើសពីនេះ ក្រុមការងារបេសកកម្មនឹងពិនិត្យនូវការអនុលោមភាពតាមតម្រូវការផ្នែកគ្រប់គ្រងហិរញ្ញវត្ថុមានភាពត្រឹមត្រូវ ពិនិត្យលើកិច្ចគាំពារបរិស្ថាន និងសង្គម ថវិកា និងការចំណាយផ្សេងៗ។ល។
នៅក្នុងរបៀបវារៈថ្ងៃនេះ លោក Khairul Hafiz ទីប្រឹក្សាប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីវឌ្ឍនភាពគម្រោង CASDP និងផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងសកម្មភាពដែលបានព្រមព្រៀងនៅក្នុងអំឡុងពេលបេសកកម្មលើកទី ៩ ដែលមានសមាសភាគសំខាន់ៗ រួមមាន ការកែលម្អប្រព័ន្ធស្រោចស្រពសាធារណៈ ការកែលម្អផ្លូវកសិកម្ម ការអនុវត្តខ្សែបន្ទាត់ឥណទាន និងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងប្រព័ន្ធព័ត៌មានកសិកម្ម។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរ ពីលទ្ធភាពអនុវត្តសមាសភាគអន្តរាគមន៍សម្រាប់ឆ្លើយតបសង្រ្គោះបន្ទាន់ផ្តោតលើវិបត្តិនៃជនភាសសឹកដោយជម្លោះព្រំដែនកម្ពុជាថៃ (CERC) ដែលជាយន្តការផ្តល់មូលនិធិបន្ទាន់ដើម្បីដោះស្រាយភាពអាសន្ន។ គម្រោង CASDP បានសិក្សាពីលទ្ធភាពប្រើប្រាស់ជំនួយសង្គ្រោះបន្ទាន់ក្រោមក្របខណ្ឌគម្រោង ដោយផ្តោតលើការស្តារកសិកម្មរយៈពេលខ្លី សំដៅបង្កើតប្រាក់ចំណូលសម្រាប់ជនភាសសឹកនៅក្នុងខេត្តគោលដៅគម្រោង ដែលកំពុងទទួលរងគ្រោះដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ១២.៣0 រសៀល។