គម្រោងពិពិធកម្មកសិកម្មកម្ពុជាបានប្រគល់សម្ភារកសិកម្មសហគមន៍កសិកម្មចំប៉ាសែនជ័យ

ចេញ​ផ្សាយ​ 19 Feb 2026
1106
នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៦ សហគមន៍កសិកម្មចំប៉ាសែនជ័យ ក្នុងខេត្តតាកែវ បានទទួលឧបករណ៍កសិកម្មទំនើបៗ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានប្រគល់ឧបករណ៍ទាំងនេះ តាមរយៈគំនិតផ្តួចផ្តើមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដើម្បីជំរុញការផលិតស្បៀងអាហារក្នុងស្រុក និងផ្តល់អំណាចដល់កសិករស្ត្រី។
ថ្ងៃនេះ គម្រោងបានបំពេញបំណងប្រាថ្នារបស់ស្រ្តីជាកសិករដែលមានជាយូរមកហើយ។ កសិករជាស្ត្រី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើទំនើបកម្មផលិតភាពកសិកម្មដោយប្រើប្រាស់ឧបករណ៍កសិកម្ម ដែលគម្រោងបានផ្តល់ជូន។ តំណាងស្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គម្រោង CASDP ដែលតែងតែគាំទ្រសកម្មភាពផលិតកម្មកសិកម្មរបស់ពួកគាត់។ សហគមន៍កសិកម្មចំប៉ាសែនជ័យ មានសមាជិកចំនួន ៥៣ គ្រួសារ និងសមាជិកចំនួន ២៧០ នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១២៧ នាក់ នឹងប្រើប្រាស់ត្រាក់ទ័រ ភ្ជួររាស់ និងម៉ាស៊ីនស្ទូង មានលទ្ធភាពដាំដុះបានពេញមួយឆ្នាំ ចន្លោះពីបីទៅបួនដង ដើម្បីដាំដុះបន្លែស្លឹក និងដំណាំមើមជាច្រើនប្រភេទ។
ឧបករណ៍កសិកម្មដែលផ្តល់ជូនសហគមន៍កសិកម្មចំប៉ាសែនជ័យ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានសហការគ្នាជាយុទ្ធសាស្ត្របម្រើឱ្យការអភិវឌ្ឍន៍កសិកម្មមាននិរន្តរភាព។ នៅពេលដែលសហគមន៍កសិកម្មចំប៉ាសែនជ័យបានប្រើប្រាស់សម្ភារៈកសិកម្មនេះហើយ វានឹងអនុញ្ញាតិឱ្យសហគមន៍កសិកម្មមានលទ្ធភាពបង្កើនទិន្នផល ផ្តល់អត្ថប្រយោជន៍ដល់គ្រួសារ បង្កើនភាពធន់របស់សហគមន៍ និងរួមចំណែកដល់សន្តិសុខស្បៀងនៅកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងបន្តដោះស្រាយបញ្ហាប្រឈមផ្នែកផលិតកម្ម ផ្តល់អំណាចដល់ស្ត្រីផ្នែកសេដ្ឋកិច្ច និងជំរុញរបៀបវារៈអភិវឌ្ឍន៍កសិកម្មតាមរយៈគម្រោង CASDP ។