លោក តាំង សុផាត នាយកគម្រោងគម្រោងពិពិធកម្មកសិកម្មកម្ពុជា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្ម ក្នុងខេត្តកំពង់ចាម

ចេញ​ផ្សាយ​ 25 Dec 2025
35
នៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីតំណាងសហគមន៍កសិកម្ម អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ស្រះទឹកសហគមន៍ ប៉មស្តុកទឹក និងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្ម សំបូរមានជ័យ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងខេត្តកំពង់ចាម អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន NGUON PICHRACHANA DESIGN AND CONSTRUCTION CO., LTD និង ក្រុមហ៊ុន AZ BUILDERS CO., LTD។ គិតមកដល់ពេលនេះ លទ្ធផលការងារសាងសង់ជារួម សម្រេចបានប្រមាណ ៤០%។
ក្នុងឱកាសនោះ លោកនាយកគម្រោង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលភាគីក្រុមហ៊ុនសម្រេចបានមកដល់ពេលនេះ និងបានណែនាំដល់ក្រុមហ៊ុនបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពសំណង់ និងជំរុញល្បឿនក្នុងការអនុវត្តកិច្ចការសំខាន់ៗបន្តទៀត ព្រមទាំងសំណូមពរដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានបន្តសហការ និងជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមផែនការកំណត់៕