ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មចំនួនពីរគឺ សហគមន៍កសិកម្មអូរពងមាន់ ខេត្តស្ទឹងត្រែង និងសហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រៀកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោមកិច្ចព្រមព្រៀងនេះ សហគមន៍កសិកម្មអូរពងមាន់ ស្ថិតនៅភូមិថ្មលាភ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានទទួលហិរញ្ញប្ប ៤០% ស្មើនឹង ៥២ ៤០៣,២០ ដុល្លារអាម៉េរិក ដើម្បីបង្កើនផលិតកម្មគ្រាប់ស្វាយចន្ទីស្រស់ ក្នុងបរិមាណ ៧៦៧ តោន/ឆ្នាំ (កម្រិតក្រុមផលិតនៅឆ្នាំទី១)។
នៅកម្រិតសហគមន៍នៅឆ្នាំទី១សហគមន៍មានគោលដៅ៖ (១) កែច្នៃគ្រាប់ស្វាយចន្ទីសម្រេចចំនួន ២,៥០ តោន (២)ផ្តល់សេវាញែកគ្រាប់ស្វាយចន្ទីបរិមាណ ២០០ តោន និង (៣) និងផលិតកូនស្វាយចន្ទីចំនួន ៩០ ០០០ ដើម។ សមាជិកក្រុមផលិតមានចំនួន ២៧ គ្រួសារ (ស្ត្រី ២គ្រួសារ) នឹងចូលរួមអនុវត្តផែនការពិពិធកម្មកសិកម្មនេះ។
ហិរញ្ញប្បទាននេះដែរ នឹងផ្តល់ជូនសហគមន៍កសិកម្មអូរពងមាន់នូវកម្រិតសហគមន៍ក្នុងទម្រង់ជាសម្ភារកសិកម្ម ដូចជា ម៉ាស៊ីនញែកគ្រាប់ស្វាយចន្ទី ម៉ាស៊ីនវេចខ្ចប់ ប្រព័ន្ធសូឡាបូមទឹក និងប្រព័ន្ធស្រោចស្រេព។ល។ សម្រាប់កម្រិតក្រុមផលិតវិញ សមាជិកសហគមន៍នឹងទទួលបានម៉ាស៊ីនគោយន្ត ម៉ាស៊ីនកាត់ស្មៅ សូឡាបូមទឹក និងសម្ភារកសិកម្មមួយចំនួនទៀត។
ចំណែកឯកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មដំណាំម្រេចធម្មជាតិទ្រៀកមេមត់វិញ សហគមន៍ទទួលបានហិរញ្ញប្បទាន៤០% ឬស្មើនឹង ៧១ ៦៨៧.៦២ ដុល្លារអាមេរិក ដើម្បីពង្រីកផលិតកម្មម្រេចខ្មៅក្នុងបរិមាណជាមធ្យម ១៥០ តោន/ឆ្នាំ (កម្រិតក្រុមផលិតនៅឆ្នាំទី១)។
នៅកម្រិតសហគមន៍នៅឆ្នាំទី១ សហគមន៍នឹង៖ (១) សម្របសម្របសម្រួលលក់ម្រេចរបស់សមាជិក ៨០ តោន/ឆ្នាំ និង (២) ទិញលក់ម្រេចខ្មៅសរុប ២១០ តោន/ឆ្នាំ។ សមាជិកដែលចូលរូលរួមអនុវត្តផែនការពិពិធកម្មនេះមានចំនួន៥៩ គ្រួសារ (ស្រ្តី ១០ គ្រួសារ)។ ហិរញ្ញប្បទាននេះផ្តោតសំខាន់លើការផ្គត់ផ្គង់សម្ភារកសិកម្មមួយចំនួនក្នុងកម្រិតសហគមន៍ ដូចជា ម៉ូតូសណ្តោងរឺម៉ក ជញ្ជីងថ្លឹងគ្រាប់ស្វាយចន្ទី និងឧបករណ៍វាស់ដង់ស៊ីតេ។
សម្ភារកសិកម្មដែលបានផ្តល់ជូនសម្រាប់កម្រិតក្រុមផលិតវិញមាន សូឡាបូមទឹក ផ្ទាំងសូឡា ម៉ាស៊ីនបាញ់ថ្នាំ និងសម្ភារ កសិកម្មផ្សេងទៀត។
លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាម ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះកិច្ចព្រមព្រៀងនេះជាមួយតំណាងសហគមន៍ទាំងពីរខាងលើ។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។