ខេត្តតាកែវ៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោង CASDP បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ សម្រាប់ជំហាន២ ក្រោយពីការអនុវត្តផែនការពិពិធកម្មកសិកម្មដំណាក់កាលទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០%។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP បានចុះហត្ថលេខាជាមួយ លោក អ៊ុន អឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅទីស្នាក់ការសហគមន៍នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អញ្ជើញចូលរួមធ្វើជាសាក្សីក្នុងកិច្ចព្រមព្រៀងរួមមាន ប្រធានគ្រប់គ្រងគម្រោង CASDP តំណាងអង្គភាពអនុវត្តគម្រោង CASDP តំណាងមន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្មប្រហែល៥០នាក់។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានជំហាន២នេះ មានគោលបំណងពង្រីកការវិនិយោគលើផ្ទះសំណាញ់បន្ថែមចំនួន ៧៣ ខ្នង ដែលមានសមាជិកសហគមន៍ ៣៩ គ្រួសារចូលរួមដាំដុះបន្លែសុវត្ថិភាពដើម្បីបង្កើនផលិតភាព និងកែលម្អគុណភាពផលិតកម្មបន្លែសុវត្ថិភាពផ្គត់ផ្គង់ទីផ្សារក្នុិងស្រុក។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ការដ្ឋានសាងសង់ផ្លូវកសិកម្ម ប្រព័ន្ធសូឡា សកម្មភាពស្តារបឹងអូររំដួល និងប្រពន្ធស្រោចស្រពក្រៅកសិដ្ឋាន ដែលសមិទ្ធផលសំខាន់ៗ ដែលបានកំពុងអនុវត្តក្រោមផែនការពិពិធកម្មជំហាន១។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ជំហាន១ ដែលជាគម្រោងផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល គិតទឹកប្រាក់ជាង១៦ មុឺនដុល្លារ និងហិរញ្ញប្បទានឥតសំណង១០០% លើការកែលម្អផ្លូវកសិកម្មធ្វើពីបេតុង-កៅស៊ូ មានប្រវែងសរុប ៥,៥គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពបំពាក់ទុយោចែកចាយទឹកលើផ្ទៃដីដាំដុះចំនួន ១១៥០ហិកតា ដែលគ្រោងចំណាយថវិកាប្រហែល ៤,២ លានដុល្លារអាមេរិក។