នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងជាប្រធានគ្រប់គ្រងគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា ដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (WB) ដោយមានការចូលរួមពីមន្រី្តបច្ចេកទេស មន្រ្តីគម្រោងមន្ទីរធនធានទឹក និងឧតុនិយម ទីប្រឹក្សាបច្ចេកទេស និងតំណាងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្រូវនាងអំ ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
តំណាងក្រុមហ៊ុន Peng Sour Construction Co., Ltd បានបញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមអនុវត្តការងារចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ការងារសំខាន់ៗរួមមានការងារសាងសង់សំណង់ស្ទាក់ទឹក និងស្តារអូរ។ បន្ទាប់មក លោកប្រធានគ្រប់គ្រងគម្រោង បានចុះពិនិត្យការសាងសង់ជាក់ស្តែងនៅការដ្ឋានកំពុងដំណើរការសាងសង់ និងបានវាយតម្លៃខ្ពស់លើការយកចិត្តទុកដាក់សាងសង់ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសាងសង់បានលឿនជាងកាលវិភាគសាងសង់ដែលមានក្នុងកិច្ចសន្យា។ ជាមួយគ្នានេះដែរ លោកប្រធាន ក៏បានស្នើឱ្យក្រុមហ៊ុន យកចិត្តទុកដាក់លើគុណភាពសំណង់ ក៏ដូចជាបន្តពន្លឿនការសាងសង់ ដើម្បីឱ្យគម្រោងសម្រេចទៅតាមផែនការដែលបានគ្រោងទុក។
ក្នុងថ្ងៃនេះដែរ លោកប្រធាន និងក្រុមការងារក៍បានឆ្លៀតចុៈពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្ម កន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ស្ថិតក្នុងស្រុកប្រាសាទបាគង ដែលសាងសង់ដោយក្រុមហ៊ុន Taing Cheng Oing Construction & Import Co., Ltd ក្នុងគោលបំណងជំរុញការងារសាងសង់។ លោកប្រធានបានស្នើដល់ក្រុមហ៊ុន ធ្វើការសហការណ៍ជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងការសម្របសម្រួល និងដំណោះស្រាយបញ្ហានានាដែលកើតមានក្នុងកំឡុងពេលអនុវត្តការសាងសង់៕