សិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាឆ្នាំ២០២៥-២០២៦

ចេញ​ផ្សាយ​ 18 Dec 2025
14
សៀមរាប៖ នៅថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ការិយាល័យសម្របសម្រួលគម្រោងបានរៀបចំអង្គសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជាឆ្នាំ ២០២៥ - ២០២៦ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធផលគម្រោង CASDP ដូចជា លទ្ធផលសម្រេចបានក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ខ្សែបន្ទាត់ឥណទាន ការកែលម្អប្រព័ន្ធស្រោចស្រពសាធារណៈ និងការកែលម្អផ្លូវកសិកម្មតភ្ជាប់ពីកសិដ្ឋានទៅកាន់ទីផ្សារ និងការពិភាក្សានានាពាក់ព័ន្ធបញ្ហាប្រឈម ដែលបានកំពុងកើតមានឡើង។ កម្មវិធីខាងលើទទួលបានការគាំទ្រពីគម្រោង CASDP ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីពង្រឹងផលិតភាពផលិតកម្មកសិកម្មរបស់សហគមន៍ និងក្រុមអ្នកផលិត។
ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា CASDP និងលោកជំទាវ មុឌីតា ចំរើន ប្រធានក្រុមការងារ ធនាគារពិភពលោកសម្រាប់គម្រោង CASDP (CASDP-WB) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសិក្ខាសាលាប្រចាំឆ្នាំរយៈពេល២ថ្ងៃនេះ។
មានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន លើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់យកឱកាសដ៏មានតម្លៃនេះ ពិសេសស្ថាប័នមីក្រូហិរញ្ញវត្ថុ ចូលរួមពិភាក្សានិងផ្តល់យោបល់ក្នុងការកំណត់បញ្ហាស្នូល លើកឡេីងជាដំណោះស្រាយ និងរៀបចំផែនការសកម្មភាព សំដៅពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំការរៀបចំសិក្ខាសាលាតាមរៀបវារៈកិច្ចប្រជុំទទួលបានលទ្ធផលល្អ។ នាឱកាសនោះដែរ ក្រុមការងារគ្រប់គ្រងគម្រោង CASDP និងតំណាងអង្គភាពអនុវត្តគម្រោងអញ្ជើញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ក្រសួងធនធានទឹក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MoWRAM) ក្រសួងអភិវឌ្ឍន៍ជនបទ (MRD) បានចូលរួមក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។
ជាកិច្ចចាប់ផ្តើមអង្គសិក្ខាសាលា ឯកឧត្តម ឃឹម ហ្វីណង់ បានផ្តល់អនុសាសន៍ច្រើនសម្រាប់ការដឹកនាំសហគមន៍កសិកម្មមានមូលដ្ឋានផលិតកម្មអាជីវកម្មកសិកម្ម។ ឯកឧត្តមនាយកគម្រោងបានលើកឡើងពីសារៈសំខាន់នៃខ្សែបន្ទាត់ឥណទានកសិកម្ម សម្រាប់សមាជិកយកមកប្រើប្រាស់សម្រាប់ជំរុញសកម្មភាពផលិតកម្មកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមនាកយកគម្រោង បានសង្កត់ធ្ងន់លើរបៀបដែលស្ថាប័នហិរញ្ញវត្ថុ និងសហគមន៍កសិកម្មធ្វើការក្នុងភាពជាដៃគូរ ដើម្បីសម្រេចបានជោគជ័យនូវលំហូរឥណទានសាច់ប្រាក់សម្រាប់សហគមន៍កសិកម្ម និងក្រុមផលិត។ ឯកឧត្តម ក៏បានលើកឡើងពីវឌ្ឍនភាពនៃការរៀបចំកែលម្អរចនាសម្ព័ន្ធលំហូរខ្សែបន្ទាត់ឥណទានដោយប្រើប្រាស់ធនាគារអភិឌ្ឍន៍ជនបទ (ARDB) ដើម្បីធានាប្រសិទ្ធភាពលំហូរសាច់ប្រាក់ទៅកាន់សហគមន៍កសិកម្មប្រព្រឹត្តិទៅបានរលូន និងទាន់ពេលវេលា។
ពាក់ព័ន្ធការគ្រប់គ្រងសហគមន៍កសិកម្ម ឯកឧត្តមនាយកគម្រោង បានសង្កត់ធ្ងន់លើការរួមចំណែកសំខាន់របស់ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម (AC) ដែលបានដឹកនាំគ្រប់គ្រងសហគមន៍កសិកម្មឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗទាំងកម្រិតសហគមន៍ និងកម្រិតក្រុមផលិត។ ឯកឧត្តមបានគូសបញ្ជាក់ថា នាពេលអនាគត សហគមន៍ដែលបានអនុវត្តផែនការអាជីវកម្មទទួលបានជោគជ័យ ក្រោមការគាំទ្រពីគម្រោង CASDP នឹងត្រូវបានពិនិត្យ និងពិចារណាសម្រាប់ការរៀបចំទៅជាសហគមន៍កសិកម្មទំនើប។
គម្រោង CASDP គាំទ្រដល់ការពង្រីកខ្សែសង្វាក់តម្លៃពិពិធកសិកម្មនៅក្នុងតំបន់គោលដៅនៃប្រទេសកម្ពុជា។ នៅក្នុងខេត្តគោលដៅទាំងនេះ សមាជិកសហគមន៍កសិកម្មធម្មតា និងសហគមន៍កសិកម្មទំនើបបានទទួលហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ដើម្បីបង្កើនភាពផលិតកម្មកសិកម្ម។ បច្ចុប្បន្ននេះ គម្រោង CASDP បានជួយគាំទ្រដល់សហគមន៍កសិកម្មក្នុងការរៀបចំសំណើគម្រោងបានចំនួន ១០៦ ផែនការពិពិធកម្មកសិកម្ម និងផែនការធុរកិច្ចចំនួន ១១៧ ដែលសហគមន៍កសិកម្មធម្មតា និងសហគមន៍កសិកម្មទំនើបបានបញ្ជូនសំណើមកគណៈកម្មការវាយតម្លៃ។ ជាមួយគ្នានេះ គម្រោង CASDP ក៏បានគាំទ្រហិរញ្ញវត្ថុ១០០% សម្រាប់ការសាងសង់ផ្លូវកសិកម្មតភ្ជាប់ពីកសិដ្ឋានទៅកាន់ទីផ្សារ និងការកែលម្អប្រព័ន្ធស្រោចស្រពសាធារណៈបម្រើដល់ការដាំដុះបានប្រសើរជាងមុន។
នៅថ្ងៃបិទបញ្ចប់នៃអង្គសិក្ខាសាលាប្រចាំឆ្នាំ ដែលគម្រោងគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ ក្រុមការងារគ្រប់គ្រងគម្រោង CASDP សមាជិក AC និងអ្នកចូលរួមបានសម្តែងការពេញចិត្តចំពោះសមិទ្ធផលសម្រេចបានរហូតមកដល់បច្ចុប្បន្ន។ ក្នុងសុន្ទរកថាបិទបញ្ចប់អង្គសិក្ខាសាលា ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោក (CASDP World Bank) ចំពោះការគាំទ្រយ៉ាងសកម្ម រួមចំណែកយ៉ាងសំខាន់ធ្វើឱ្យគម្រោងទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរដល់អង្គភាពអនុវត្តគម្រោង (IAs) និងតំណាងទាំងសហគមន៍កសិកម្មទាំងពីរទម្រង់ (AC/MAC) ដែលបានប្តេជ្ញាចិត្តចូលរួមយ៉ាងសំខាន់ ក្នុងដំណើការអនុវត្តប្រកបដោយភាពច្នៃប្រឌិតខ្ពស់ក្នុងខិតខំប្រឹងប្រែងសម្របសម្រួលអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន។