សហគមន៍កសិកម្មឃុំត្រពាំងឬស្សី បានប្រឈមទៅនឹងកង្វះខាតបច្ចេកទេស និងជំនាញក្នុងការផលិតស្រូវ ដែលបង្ករជាឧបសគ្គយ៉ាងសំខាន់។ សហគមន៍កសិកម្មត្រូវការវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យា និងឧបករណ៍កសិកម្ម ដើម្បីសម្រេចបាននូវសក្តានុពលរបស់ខ្លួន។
ជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ក្រោមគម្រោង CASDP ដែលគាំទ្រដោយធនាគារពិភពលោក អនុញ្ញាតិឱ្យសហគមន៍កសិកម្មមានលទ្ធភាពបង្កើនផលិតកម្មកសិកម្ម និងកែលម្អជីវភាពរស់នៅ។ ជំនួយឥតសំណងនេះបានផ្គត់ផ្គង់ដល់សហគមន៍កសិកម្ម និងកសិករជាសមាជិកនូវគ្រឿងចក្រ និងគ្រាប់ពូជដែលមានគុណភាពខ្ពស់ជាងមុន។
ជាតួយ៉ាងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ គម្រោង CASDP បានប្រគល់ត្រាក់ទ័រមួយគ្រឿង និងឧបករណ៍កសិកម្មដែលមានតម្លៃជាង ១០,០០០ ដុល្លារដល់កសិករ និងសហគមន៍កសិកម្មស្ថិតនៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ត្រាក់ទ័រមួយ និងសម្ភារផ្សេងៗទាំងនេះជាកិច្ចអន្តរាគមន៍ ដ៏សំខាន់មួយរបស់គម្រោងដែលជួយឱ្យសហគមន៍កសិកម្ម និងកសិករទទួលបានឧបករណ៍កសិកម្មទំនើបៗ។
ត្រាក់ទ័រ និងឧបករណ៍ទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍កសិកម្ម និងកសិករព្រោះសម្ភារៈទាំងនេះនឹងជួយពង្រីកសកម្មភាពកសិកម្មរបស់សហគមន៍។ ធនធានទាំងនេះដែរដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងកង្វះទុនវិនិយោគលើការផលិតកម្មស្រូវ។ សម្ភារៈនេះ នឹងត្រូវបានផ្តល់ជូនសហគមន៍ និងកសិករជាអ្នកទទួលផលដែលបានជ្រើសរើសនៅក្នុងសហគមន៍របស់ខេត្ត។
ជាមួយនឹងត្រាក់ទ័រ និងសម្ភារៈកសិកម្ម សហគមន៍អាចផលិតគ្រាប់ពូជស្រូវផ្ការំដួលលើផ្ទៃដី ៥២ ហិកតា ដែលមានសមាជិក ៤៣ គ្រួសារ ដែលក្នុងនោះ ២៦ គ្រួសារបានដាក់ពាក្យស្នើសុំជំនួយឧបត្ថម្ភ ៤០% គ្រប់ដណ្តប់លើផ្ទៃដី ៣៨ ហិកតា ដោយគ្រោងផលិតបានជាមធ្យម ១០០ តោនជារៀងរាល់ឆ្នាំស្រមតាមផែនការ។