សហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា ខេត្តកណ្តាល ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 10 Dec 2025
25
កណ្តាល៖ ថ្ងៃទី៨ ខែធ្នូ ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មទំនើបកោះខ្សាច់ទន្លា ខេត្តកណ្តាល។
កិច្ចព្រមព្រៀងនេះ មានគោលបំណងគាំទ្រសហគមន៍កសិកម្មទំនើបកោះខ្សាច់ទន្លា ក្នុងការពង្រីកទំហំផលិតកម្ម បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ផ្គត់ផ្គង់ទីផ្សារឱ្យបានទាន់ពេលវេលា កាត់បន្ថយថ្លៃដើមផលិតកម្ម និងអាចបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍ និងសមាជិក។
កិច្ចព្រមព្រៀងនេះ មានថវិកាសរុបចំនួន ១៦៣ ៦៧៦ ដុល្លារអាមេរិក ស្មើ៤០% នៃទុនវិនិយោគសរុប ដោយគ្រោងផលិតបន្លែសុវត្ថិភាពផ្ទះសំណាញ់ក្នុងបរិមាណជាមធ្យម៥៩៥.៦២ តោន/ឆ្នាំ ក្នុងនោះ១៥២.៥៥ តោន/ឆ្នាំសម្រាប់កម្រិតសហគមន៍ និងសមាជិកក្រុមផលិតក្នុងបរិមាណសរុប ៤៤៣.០៧ តោន/ឆ្នាំ។
កិច្ចព្រមព្រៀងនេះអនុញ្ញាតិឱ្យសមាជិកចូលរួមចំនួន៤៨ គ្រួសារ (ស្ត្រី១០នាក់) មានលទ្ធភាពជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ចំនួន៣០ខ្នង ក្នុងកម្រិតសហគមន៍ និងផ្ទះសំណាញ់៨៧ខ្នង ក្នុងកម្រិតក្រុមផលិត ដោយផ្តោតសំខាន់លើផលិតកម្មបន្លែ ខាត់ណាដើម ខាត់ណាផ្កាស ខាត់ណាផ្កាលឿង ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ។
ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះកិច្ចព្រមព្រៀងនេះជាមួយលោក រឿន សាបុណ្យ ប្រធានក្រុមប្រឹក្សាភិបាលតំណាងសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាពកោះខ្សាច់ទន្លា។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនាឱកាសនោះដែររួមមាន ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB តំណាងមន្ទីរកសិកម្មខេត្តកណ្តាល ប្រធានគ្រប់គ្រងគម្រោង CASDP និងសហការី តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និង អាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។