ជំងឺឆ្លងសត្វ និងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ មានសារៈសំខាន់ណាស់សម្រាប់កសិករអ្នកចិញ្ចឹមជ្រូក

ចេញ​ផ្សាយ​ 10 Dec 2025
20
កំពង់ឆ្នាំង៖ ការអនុវត្តការចិញ្ចឹមជ្រូកតាមបែបប្រពៃណីមិនមាននិរន្តរភាពទេ។ វាមានភាពចាំបាច់ត្រូវទទួលយកវិធីសាស្រ្តចិញ្ចឹមសត្វឱ្យបានប្រសើរជាងមុន ប្រសិនបើកសិករចង់បង្កើនប្រាក់ចំណេញ។
នៅក្នុងខែតុលា ឆ្នាំ២០២៥ នេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដោយមានការគាំទ្រពីធនាគារពិភពលោក (World Bank) បានបណ្តុះបណ្តាលកសិករចិញ្ចឹមជ្រូកចំនួន ២៦នាក់ មកពីសហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿងស្ថិតនៅភូមិពានី ឃុំពាំនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការបណ្តុះបណ្តាលនេះផ្តោតលើជំងឺឆ្លងសត្វ និងវិធានការការពារនិងអនាម័យ និងច្បាប់សុខភាពសត្វ ដែលមានគោលបំណងជួយសហគមន៍កសិកម្មឱ្យបំពេញតាមស្តង់ដាររបស់អង្គការសុខភាពសត្វពិភពលោក។
គ្រូបង្គោលថ្នាក់ជាតិមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (DGAHP) បានដឹកនាំបើកវគ្គបណ្តុះបណ្តាលស្តីពីជំងឺជ្រូក ច្បាប់ស្តីពីសុខភាពសត្វ ការអនុវត្តកសិកម្មល្អ និងជីវសុវត្ថិភាព។
ការបង្ការជំងឺចំពោះកូនជ្រូក និងអំឡុងពេលចិញ្ចឹមកូនជ្រូកឲ្យធាត់ក៏ជាផ្នែកមួយមានសារៈសំខាន់ណាស់ នៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរ។ កសិករបានរៀនអំពីការប្រើប្រាស់ថ្នាំទម្លាក់សត្វល្អិត(ប៉ារ៉ាស៊ីត) ការដាក់ជម្រកដាច់ដោយឡែក និងការកំណត់បញ្ហាសុខភាពកូនជ្រូក ដើម្បីគាំទ្រដល់ការសម្រេចចិត្តកាន់តែប្រសើរ។
បន្ទាប់ពីការបណ្តុះបណ្តាល គ្រូបង្គោលបានសម្របសម្រួលការពិភាក្សាជាក្រុមលើបទពិសោធន៍ជាក់ស្តែង ការព្យាបាលជំងឺជ្រូក និងការអនុលោមតាមច្បាប់។
កសិករចិញ្ចឹមជ្រូកចំនួន ២៦នាក់ បានសិក្សាស្វែងយល់ និងប្តេជ្ញាយកចំណេះដឹងទៅអនុវត្តជ្រើសរើសជ្រូក ការបង្កាត់ពូជ ការថែទាំ ការការពារសុខភាព និងការកំណត់អត្តសញ្ញាណជំងឺ ហើយបានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមនេះ។