សហគមន៍កសិកម្មចំនួនពីរនៃខេត្តពោធិ៍សាត់ (សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម សំរោងសែនជ័យ) ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ពីគម្រោង CASDP

ចេញ​ផ្សាយ​ 10 Dec 2025
18
ពោធិ៍សាត់៖ នៅថ្ងៃទី២៨ ខែតុលា ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក តាមរយៈគម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួន២គឺ សហគមន៍កសិកម្មដប់បាតអភិវឌ្ឍន៍ នៅសង្កាត់លលកស ក្រុងពោធិ៍សាត់ និងសហគមន៍កសិកម្មសំរោងសែនជ័យ ស្ថិតនៅឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
កិច្ចព្រមព្រៀងនេះសង្ឃឹមថានឹងគាំទ្ររាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍វិស័កម្មនៅកម្ពុជា តាមរយៈការដោះស្រាយបញ្ហាប្រឈមនានា ដែលសហគមន៍កសិកម្មកំពុងជួបប្រទះដូចជា បញ្ហាខ្វះទុនធ្វើប្រតិបត្តិការកសិធុរកិច្ច បច្ចេកទេសកសិកម្ម និងការពង្រីកទីផ្សារ។ កិច្ចព្រមព្រៀងក៏បានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហគមន៍ទាំងមូលបានប្រសើរជាងមុននាពេលអនាគត។
កិច្ចព្រមព្រៀងជាមួយសហគមន៍ដប់បាតអភិវឌ្ឍន៍មានថវិកាសរុបចំនួន ១៨ ០៤២.៣០ ដុល្លារអាមេរិក សម្រាប់ពង្រីកផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងនៅទីវាល។ កិច្ចព្រមព្រៀងនេះអនុញ្ញាតិឱ្យសមាជិកសហគមន៍ចំនួន២២គ្រួសារ (ស្ត្រី១៥គ្រួសារ) មានលទ្ធភាពពង្រីកផលិតកម្មបន្លែសុវត្ថិភាពបានចំនួន១៧៨.៦តោន/ឆ្នាំ។ ហិរញ្ញប្បទាននេះមានទម្រង់ជាសម្ភារកសិកម្មរួមានផ្ទះសំណាញ់ចំនួន៥ខ្នង ម៉ាស៊ីនវាយដី១គ្រឿង អណ្តូងទឹក ម៉ាស៊ីនគោយន្ត និងសម្ភារកសិកម្មច្រើនមុខផ្សេងទៀតបម្រើឱ្យខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព។
ជាមួយគ្នានេះដែរ សហគមន៍កសិកម្មសំរោងសែនជ័យ ទទួលបានហិរញ្ញប្បទានចំនួន៣៥ ២៤០ ដុល្លារអាមេរិក ដែលអនុញ្ញាតិឱ្យកសិករជាសមាជិកចំនួន២៧គ្រួសារ (ស្រ្តី១៥គ្រួសារ) មានលទ្ធភាពពង្រីកផលិតកម្មដំឡូងមីស្ងួត ក្នុងបរិមាណ៦៧០តោន/ឆ្នាំ និងផ្តល់សេវាកម្មត្រាក់ទ័រលើផ្ទៃដីប្រហែល១០០០ហត។ តាមរយៈហិរញ្ញប្បទាននេះ សហគមន៍កសិកម្មនឹងទទួលបានគោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនហាន់ដំឡូងមី។ល។
លោកណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP ក្នុងនាម ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចព្រមព្រៀងនេះជាមួយតំណាងសហគមន៍ទាំង២ខាងលើ។ អញ្ជើញចូលរួមក្នុងកិច្ច ព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរ កសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។