សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ មកពីខេត្តព្រះវិហារ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 23 Oct 2025
4952
ព្រះវិហារ៖ ថ្ងៃទី២២ ខែតុលា ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ ខេត្តព្រះវិហារ។
កិច្ចព្រមព្រៀងដែលមានថវិកាសរុបចំនួន ៥៥ ៣០០ ដុល្លារអាមេរិក មានគោលបំណងគាំទ្រសហគមន៍កសិកម្មក្នុងការពង្រីកទំហំផលិតកម្ម និងទីផ្សារដំឡូងមីសរីរាង្គឱ្យក្លាយជាធុរកិច្ចមានសេដ្ឋកិច្ចមាត្រដ្ឋានសម្រាប់សហគមន៍ និងសមាជិកក្រុមផលិតក្នុងបរិមាណសរុប ៩ ៤៨១ តោន និងផ្តល់សេវាកម្មត្រាក់ទ័រភ្ជួរដីចំនួន ៣ ៤១១ ហិកតា ក្នុងរយៈពេល៣ឆ្នាំ។
កិច្ចព្រមព្រៀងនេះដែរបានផ្តល់លទ្ធភាពឱ្យសមាជិកសហគមន៍ចំនួន៣៧ គ្រួសារ មានលទ្ធភាពជំរុញការដាំដុះដំឡូងមីសរីរាង្គលើផ្ទៃដីចំនួន១៥៤,៩ហិកតា ដែលតាមការរំពឹងទុកអាចទទួលបានទិន្នផលមធ្យមចំនួន៣ ១៦០ តោនក្នុង១ឆ្នាំ ឱ្យបានទាន់ពេលវេលា កាត់បន្ថយថ្លៃដើមផលិតកម្ម និងអាចបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍ និងសមាជិក។
ហិរញ្ញប្បទានដែលបានផ្តល់នៅពេលនេះ ក្នុងរូបភាពជាគ្រឿងចក្រកសិកម្ម (ត្រាក់ទ័រ និងម៉ាស៊ីនគោយន្ត) គាំទ្រផលិតកម្មដំឡូងមីសរីរាង្គ និងសេវាកម្ម។ល។
លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រង CASDP ក្នុងនាម ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងនេះជាមួយតំណាងសហគមន៍អភិវឌ្ឍន៍សាមគ្គីសង្កែពីរ។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។