លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញដឹកនាំក្រុមការងារគម្រោងចុះផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដល់សហគមន៍កសិកម្មទំនើបចំនួន៥នៅខេត្តបាត់ដំបង និងសហគមន៍កសិកម្មចំនួន១នៅខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ 20 Oct 2025
4985
នៅថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារគម្រោងចុះផ្សព្វផ្សាយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដល់សហគមន៍កសិកម្មចំនួន៥នៅខេត្តបាត់ដំបង និងសហគមន៍កសិកម្មចំនួន១នៅខេត្តបន្ទាយមានជ័យ។ សមាជិក និងតំណាង​សហគមន៍កសិកម្មបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរួមមាន៖ សហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្រ្តកង្ហត, សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពមោងឬស្សី, សហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ, សហគមន៍កសិកម្មទំនើបស្រូវស្រុកបាណន់, សហគមន៍កសិកម្មទំនើបស្រូវរូងជ្រៃមានជ័យ (ខេត្តបាត់ដំបង), និងសហគមន៍កសិកម្មទំនើបដំណាំស្រូវព្រះនេត្រព្រះមានជ័យ (ខេត្តឧត្យតមានជ័យ)។
កិច្ចប្រជុំនេះមានគោលបំណង៖ សិក្សាស្វែងយល់ពីតម្រូវការរបស់សហគមន៍កសិកម្មទំនើបក្នុងការអនុវត្តខ្សែច្រវាក់តម្លៃពិពិធកម្មកសិកម្មនៅក្នុងភូមិសាស្រ្តគោលដៅខេត្តទាំងពីរ ដើម្បីផ្តល់កិច្ចអន្តរាគមន៍ឆ្លើយតបរាល់សំណូមពរពាក់ព័ន្ធការជំរុញពិពិធកសិកម្ម និងលើកទឹកចិត្តឱ្យមានការចូលរួមពីតំណាង និងសមាជិកសហគមន៍ទាំងអស់ដើម្បីកសាងសហគមន៍ទំនើបនេះឱ្យរីកចំរើនបានប្រសើរជាងមុន។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោកប្រធានគម្រោងបានជម្រាបជូនអ្នកចូលរួមពីការគាំទ្ររបស់គម្រោងក្នុងដំណើរការរៀបចំ និងអនុវត្តពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្ម ការផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានដូចជាការកែលម្អ ឬស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងការលើកកម្ពស់ការតភ្ជាប់ផ្លូវពីកសិដ្ឋានទៅកាន់ទៅផ្សារដែលត្រូវបានរួមបញ្ចូលទៅក្នុងផែនការពិពិធកម្មកសិកម្មដើម្បីដាក់ជូនមកគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីឱ្យគណៈកម្មការវាយតម្លៃពិនិត្យ និងសម្រេច។
នាឱកាសនោះដែរ អ្នកចូលរួមមានឱកាសបានលើកយកបញ្ហាប្រឈមនានាក្នុងដំណើការប្រតិបត្តិការសហគមន៍ និងកសិធុរកិច្ច ជាពិសេសការពិភាក្សាពីតម្រូវការជាមូលដ្ឋានក្នុងការជំរុញផលិតកម្មកសិកម្មបានប្រសើរជាងមុន។ ជាមួយគ្នានេះក្រុមការងារបានទទួលស្គាល់ពីបញ្ហាក្តីបារម្ភ ដែលសហគមន៍បានលើកឡើងនាឱកាសនោះ ហើយថាប្រការនេះជាផ្នែកមួយដែលគម្រោងត្រូវបន្តរគាំទ្របន្ថែម។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលដៅធ្វើការសម្របសម្រួលខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្មនៅក្នុងតំបន់ភូមិសាស្រ្ត ដែលនឹងត្រូវជ្រើសរើសនៅកម្ពុជា និងផ្តល់អន្តរាគមន៍ឆ្លើយតបជាបន្ទាន់ និងមានប្រសិទ្ធភាពក្នុងករណីមានវិបត្តិ និងសង្រ្គោះបន្ទាន់។