សហគមន៍កសិកម្មចំប៉ាសែនជ័យទទួលសម្ភារៈកសិកម្មដើម្បីបំពេញតម្រូវការជាមូលដ្ឋានក្នុងការជំរុញផលិតកម្មកសិកម្ម

ចេញ​ផ្សាយ​ 20 Oct 2025
4949
ច្រើនឆ្នាំមកនេះ សហគមន៍កសិកម្មចំប៉ាសែនជ័យជួបបញ្ហាប្រឈមជាច្រើនរួមមានខ្វះធនធានដើម្បីធានានិរន្តរភាពផលិតកម្មឆ្លើយតបតាមតម្រូវការ សមត្ថភាពមានកម្រិតក្នុងការគ្រប់គ្រងប្រតិបត្តិការសហគមន៍ សមត្ថភាពធ្វើទីផ្សារ កង្វះថវិកា និងបច្ចេកទេសផលិតកម្ម។ កសិករអ្នកផលិត និងសហគមន៍បានស្វែងរកការគាំទ្រពីមូលនិធិសម្ភារៈកសិកម្មដើម្បីជំរុញផលិតកម្មដំណាំរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។
ការផ្តល់ឧបករណ៍កសិកម្មឱ្យបានទាន់ពេលវេលានៅមុនរដូវដាំដុះ ពិតជាមានសារៈសំខាន់សម្រាប់សមាជិក និងសហគមន៍កសិកម្ម ដើម្បីបំពេញតម្រូវការជាមូលដ្ឋានក្នុងការជំរុញផលិតកម្មកសិកម្ម។
ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក គម្រោង CASDP បានផ្តល់សម្ភារៈកសិកម្មក្នុងទម្រង់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤0% ដល់សហគមន៍កសិកម្មចំប៉ាសែនជ័យ ដើម្បីជម្រុញប្រតិបត្តិការបានប្រសើរជាងមុន។ សម្ភារៈដែលបានផ្តល់ជូនសហគមន៍នៅពេលនេះរួមមាន ត្រាក់ទ័រភ្ជួរដីកម្លាំង៦០សេស ចំនួន ១គ្រឿង, ម៉ាសុីនគោយន្តកម្លាំង១៤ សេស ចំនួន៦ គ្រឿង, គោយន្តកម្លាំង១៤ សេសចំនួន១គ្រឿង និងផាលគោយន្តចំនួន១ ឈុត, សម្ភារធ្វើរបង, បង្គោលរបង១៣២៥ ដើម និងលួសសំណាញ់៧៨៦០ គីឡូ។
តំណាងសហគមន៍កសិកម្មចំប៉ាសែនជ័យ បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ ឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុម័ត និងដឹកនាំសម្របសម្រួលលើដំណើរការគម្រោង។