គម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មសែនហានចម្រើនផល ខេត្តកំពត

ចេញ​ផ្សាយ​ 20 Oct 2025
4946
កំពត៖ ថ្ងៃទី១៣ ខែតុលា ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក តាមរយៈគម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មសែនហានចម្រើនផល ខេត្តកំពត។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥណទាន៤០% ឬស្មើ២២០០០ ដុល្លារអាមេរិក ជាជំហានដ៏សំខាន់មានគោលដៅគាំទ្រសហគមន៍សែនហានចម្រើនផលក្នុងដំណើរការពង្រីកខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងនៅទីវាល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
កិច្ចព្រមព្រៀងនេះដែរបានផ្តល់លទ្ធភាពឱ្យសមាជិកសហគមន៍ចំនួន២០ គ្រួសារ (៣គ្រួសារជាស្រ្តី) អាចមានលទ្ធភាពអនុវត្តផែនការដាំបន្លែក្នុងផ្ទះសំណាញ់ចំនួន ១០ ខ្នង (៥ខ្នងនៅកម្រិតសហគមន៍ និង៥ខ្នងកម្រិតសមាជិក) ដែលអាចផលិតបានក្នុងបរិមាណ៤០ តោនក្នុង១ឆ្នាំ នៃបន្លែផ្ទះសំណាញ់ និង១៤៨តោនក្នុង១ឆ្នាំនៃបន្លែទីវាល។ បន្លែក្នុងផ្ទះសំណាញ់មានស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ចំណែកឯបន្លែនៅទីវាលដាំនៅលើផ្ទៃដី១៤ហិកតា ផ្តោតលើការដាំបន្លែត្រឡាច ត្រសក់ និងប៉េងប៉ោះ។
ហិរញ្ញប្បទានដែលបានផ្តល់នៅពេលនេះ ក្នុងរូបភាពជាសម្ភារកសិកម្មគាំទ្រផលិតកម្មបន្លែរួមមានផ្ទះសំណាញ់១០ខ្នង អណ្តូងទឹក គោយន្ត និងគ្រឿងបង្គុំ ស៊ីទែនទឹក បង្គោលរបងបេតុង លួសបន្លារ។ល។
លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រង CASDP ក្នុងនាម ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងនេះជាមួយតំណាង​សហគមន៍សែនហានចម្រើនផល។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។