គម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួន៣គឺ សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ខេត្តព្រះសីហនុ សហគមន៍កសិកម្មអូរគន្ធរមានជ័យ និងសហគមន៍កសិកម្មចំណាលើរីកចម្រើន មកពីខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 20 Oct 2025
5086
ភ្នំពេញ៖ នៅសប្តាហ៍ទី២នៃខែតុលា ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក តាមរយៈគម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួន៣គឺ សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង ខេត្តព្រះសីហនុ កសិកម្មអូរគន្ធរមានជ័យ និងសហគមន៍កសិកម្មចំណាលើរីកចម្រើន មកពីខេត្តកំពង់ធំ។
ក្រោមកិច្ចព្រមព្រៀងនេះ សហគមន៍ទាំង៣ខាងលើ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមចំនួន៤០% សម្រាប់៖ (១). “សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំង” មានទីតាំងស្ថិតនៅភូមិបឹងរាំង សង្កាត់សាមគ្គី ខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ ធ្វើពិពិធកម្មផែនការអាជីវកម្ម “ពង្រីកទំហំផលិតកម្មត្រីឆ្ពុង”, (២). “សហគមន៍កសិកម្មអូរគន្ធរមានជ័យ” មានទីតាំងស្ថិតនៅភូមិអូរគន្ធរជើង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន សម្រាប់ “ពង្រីកផលិតកម្មពូជស្រូវសែនក្រអូប និងពូជស្រូវស្រង៉ែថ្មីដើម្បីផ្គត់ផ្គង់ទីផ្សារ” និង(៣). “សហគមន៍កសិកម្មចំណារលើរីកចម្រើន” មានទីតាំងស្ថិតនៅភូមិល្ហុង ឃុំចំណារលើ ស្រុកស្ទោង សម្រាប់ “សម្រាប់ផលិតកម្មផលិតកូនជ្រូក និងជ្រូកយកសាច់”។
កិច្ចព្រមព្រៀងនេះដែរបានផ្តល់លទ្ធភាពឱ្យសមាជិកសហគមន៍ចំនួន៩០ គ្រួសារ ក្នុងនោះ សហគមន៍នេសាទការពារព្រៃលិចទឹកបឹងរាំងមានសមាជិកចូលរួម២១គ្រួសារ ចូលរួមអនុវត្តផែនការអាជីវកម្មចិញ្ចឹមត្រីឆ្ពុងឱ្យបានចំនួន១៥០បែ ស្មើនឹង៥០៤០តោន ក្នុង១ឆ្នាំ, សមាជិកចំនួន៣១ គ្រួសារ ពីមកពីកសិកម្មអូរគន្ធរមានជ័យ អនុវត្តផែនការផលិតពូជស្រូវចំនួន១០៦៦ តោនក្នុង១ឆ្នាំ(ពូជសែនក្រអូប៦៣៣ តោន និងពូជស្រូវស្រង៉ែ៤៣៣ តោន), សហគមន៍កសិកម្មចំណារលើរីកចម្រើន មានសមាជិកចូលរួមសរុប៣៨ គ្រួសារ អនុវត្តផែនការចិញ្ចឹមជ្រូកចំនួន៧៣៨ ក្បាលក្នុង១ឆ្នាំ។
ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះកិច្ចព្រមព្រៀងនេះជាមួយតំណាងសហគមន៍ទាំង៣ខាងលើ។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។