មណ្ឌលគិរី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ – លោកស្រី Tania Meyer នាយកធនាគារពិភពលោកប្រចាំកម្ពុជា និងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹកនាំដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP បានចុះពិនិត្យសហគមន៍កសិកម្មម្រេច សរីរាង្គមណ្ឌលគិរី ដែលទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងវាយតម្លៃការអនុវត្តសកម្មភាពក្នុងក្របខ័ណ្ឌ គម្រោង CASDP ដែលបាន និងកំពុងធ្វើការគាំទ្រដល់សហគមន៍កសិកម្មដែលមានសក្តានុពល ជាពិសេស ការចូលរួមក្នុងការចងក្រងជាសហគមន៍កសិកម្មទំនើប ព្រមទាំងពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្ត្រនាពេលអនាគតរបស់សហគមន៍។
ក្នុងដំណើរទស្សនៈកិច្ចនេះដែរ លោកស្រី Meyer បានទស្សនាចម្ការម្រេចសរីរាង្គ ក្រោមការគាំទ្រពីគម្រោង CASDP ព្រមទាំងបានជួបសំណេះសំណាលជាមួយកសិករម្រេចសរីរាង្គអំពីដំណើរការ និងបញ្ហាប្រឈមសំខាន់ក្នុងការផលិតម្រេចសរីរាង្គ រួមទាំងចក្ខុវិស័យនៃផលិតកម្មម្រេចសរីរាង្គ និងតម្លៃម្រេចសរីរាង្គនៅទីផ្សារ ក្នុងស្រុក និងអន្តរជាតិ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានស្វែងយល់ជាមួយសមាជិកសហគមន៍ និងក្រុម ការងារគម្រោងស្តីពីបច្ចេកទេសដាំដុះ ការថែរក្សា និងសកម្មភាពប្រមូលផល និងកិច្ចសន្យាកសិកម្មជាមួយអ្នកទិញចាស់ និងអ្នកទិញដែលមានសក្តានុពល។
លោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍ជាពិសេសចំពោះការគ្រប់គ្រងសហគមន៍កសិកម្មម្រេចសរីរាង្គ និងការគាំទ្រស្វែងរកទីផ្សារម្រេចសរីរាង្គ ក៏ដូចជាធ្វើឱ្យតម្លៃម្រេចសរីរាង្គមានស្ថិរភាព ព្រមទាំងបានកោតសរសើរថា នេះជាជោគជ័យដែលកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំសហគមន៍ និងអ្នកពាក់ព័ន្ធដែលពិតជាមានតម្លៃមិនអាចខ្វះបាន។ បន្ថែមពីនេះ លោកស្រីបានលើកទឹកចិត្តដល់កសិករម្រេចចូលរួមដាំដុះជាសហគមន៍ ដោយពួកគេនឹងទទួលបានអត្ថប្រយោជន៍ផ្ទាល់ និងការរួមចំណែកជាមួយសហគមន៍ ក្នុងការលើកកម្ពស់ខ្សែសង្វាក់តម្លៃផលិតកម្មម្រេចសរីរាង្គរបស់ខ្លួន។
លោកស្រី Meyer បានសម្តែងការពេញចិត្តចំពោះលទ្ធផលជាវិជ្ជមានក្រោមការគាំទ្ររបស់គម្រោង CASDP ជាពិសេសលើផ្លូវកសិកម្មដែលមានសក្តានុពល ដែលអាចឱ្យកសិករម្រេច និងសហគមន៍អាចដឹកជញ្ជូន កសិផលរបស់ពួកគេពីកសិដ្ឋានទៅកាន់ទីផ្សារបានស្រួលជាងមុន។ ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការគាំទ្រដល់សហគមន៍ម្រេចសរីរាង្គក្នុងខេត្តមណ្ឌលគិរី និងការពង្រឹងកិច្ចសហការគាំទ្រគំនិតផ្តួចផ្តើមនាពេលអនាគត ដូចជាការកសាងសមត្ថភាព និងការបញ្ជាក់ទទួលស្គាល់ម្រេចសរីរាង្គ។ល។
ជាការកត់សម្គាល់ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា គម្រោង CASDP បានរួមចំណែកធ្វើឱ្យមាន ភាពរីកចម្រើរបស់សហគមន៍ម្រេចសរីរាង្គតាមរយៈការគាំទ្រទាំងហិរញ្ញប្បទាន បច្ចេកទេស និងហេដ្ឋារចនា សម្ព័ន្ធសាធារណៈ។ ការគាំទ្រនេះ នឹងអនុញ្ញាតឱ្យសហគមន៍ក្លាយជាសហគមន៍កសិកម្មឈានមុខគេនៅភាគឦសាននៃប្រទេស សម្រាប់ផលិតផលកសិកម្មមានតម្លៃបន្ថែមខ្ពស់ និងជាគោលដៅដែលមានសក្តានុពលសម្រាប់ចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីរួមចំណែកបង្កើតប្រាក់ចំណូលក្នុងតំបន់ និងសេដ្ឋកិច្ច មូលដ្ឋាន។ នេះជាជោគជ័យមួយរបស់គម្រោង ដែលយើងទាំងអស់គ្នាសម្រេចបានដោយមោទនភាព និងសុទិដ្ឋិនិយមសម្រាប់អនាគត។