គណៈកម្មការវាយតម្លៃ EC បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដាក់ពិន្ទុលើផែនការពិពិធកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មចំនួន២ មកពីខេត្តព្រះវិហារ

ចេញ​ផ្សាយ​ 15 Sep 2025
1
ខេត្តព្រះវិហារ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥, គណៈកម្មការវាយតម្លៃ EC បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដាក់ពិន្ទុលើផែនការពិពិធកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មចំនួន២ រួមមាន៖ សហគមន៍កសិកម្មក្របៅព្រហ្មទេព ស្ថិតនៅស្រុកគូលែន និងសហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ ស្ថិតនៅស្រុកឆែប សម្រាប់ពង្រីកទំហំផលិតកម្ម និងទីផ្សារដំឡូងមីសរីរាង្គស្រស់ ខេត្តព្រះវិហារ។
សំណើទាំងពីរនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះទុនវិនិយោគ និងពង្រឹងសមត្ថភាពនៅមានកម្រិតក្នុងគ្រប់គ្រងអាជីវកម្មរបស់សមាជិកសហគមន៍ ដែលមានសក្តានុពលផលប៉ះពាល់លើការរីកចម្រើនរបស់សហគមន៍។ សំណើរនេះដែរ មិនត្រឹមតែជួយលើកកម្ពស់ប្រតិបត្តិការអាជីវកម្មរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍របស់សហគមន៍ជារួមផងដែរ។
ដូច្នេះប្រសិនបើផែនការអាជីវកម្មទាំងពីរខាងលើទទួលបានជោគជ័យ សហគមន៍កសិកម្មក្របៅព្រហ្មទេពនឹងមានលទ្ធភាពពង្រីកផលិតកម្មដំឡូងមីសរីរាង្គក្នុងបរិមាណសរុប ១៥ ៣៦៣ តោន នៅកម្រិតសហគមន៍ និងបរិមាណសរុប ៥ ៥៧០ តោន នៅកម្រិតក្រុមផលិតសម្រាប់រយៈពេល៣ឆ្នាំ។ ដូចគ្នានេះដែរ សម្រាប់សហគមន៍កសិកម្មសាមគ្គីសង្កែពីរនឹងមានសមត្ថភាពពង្រីកផលិតសរុប ៩ ៤៨១ តោន និងផ្តល់សេវាកម្មត្រាក់ទ័រភ្ជួរដីចំនួន ៣ ៤១១ ហិកតា ក្នុងរយៈពេល៣ឆ្នាំដូចគ្នា។
គួបញ្ជាក់ថា សំណើរបស់សហគមន៍កសិកម្មទាំងពីរខាងនឹងត្រូវដាក់ជូនគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីបើកកិច្ចប្រជុំវាយតម្លៃ ក្រោយពីលេខាធិការដ្ឋានគណៈកម្មការវាយតម្លៃពិនិត្យ និងផ្ទៀងផ្ទាត់រួចឃើញថា សំណើនេះមានផែនការធុរកិច្ចច្បាស់លាស់ និងមានអាទិភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងស្របតាមលក្ខណ្ឌគម្រោងរួចហើយ។
កិច្ចប្រជ៉ំនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ លោក យ៉ន សម្បត្ដិ ប្រធានគណៈកម្មការវាយតម្លៃ (EC) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធរួមមាន MAFF, MEF, MoWRAM និងតំណាងវិស័យឯកជន CCC(សភាពាណិជ្ជកម្ម), CACA (សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា) ព្រមទាំងមន្ទីរកសិកម្មខេត្ត និងសមាជិកសហគមន៍
កសិកម្ម។