កំពង់ធំ៖ នៅទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ សហគមន៍កសិកម្មចំនួនពីរនៅខេត្តកំពង់ធំគឺ សហគមន៍កសិកម្មមិត្តភាពព្រះស្រី និងសហគមន៍ឃុំត្រពាំងឬស្សី បានទទួលហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា គ្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។
ក្រោមកិច្ចព្រមព្រៀងនេះ សហគមន៍កសិកម្មមិត្តភាពព្រះស្រី ទទួលបានហិរញ្ញប្បទាន ៤៤ ១២០ ដុល្លារអាម៉េរិក សម្រាប់ពង្រីកទំហំផលិតកម្មពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូប។ ដូចគ្នានេះដែរ សហគមន៍កសិកម្មឃុំត្រពាំងឬស្សី បានទទួលបានហិរញ្ញប្បទាន ២២ ៩២៨ ដុល្លារអាម៉េរិក ដើម្បីពង្រីកទំហំផលិតកម្មពូជស្រូវផ្ការំដួល។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះដែរ នឹងអនុញ្ញាតិឱ្យសហគមន៍កសិកម្មទាំងពីរ មានលទ្ធភាពវិនិយោគបន្ថែមលើគ្រឿងយន្តកសិកម្មទំនើបសម្រាប់ប្រើប្រាស់ក្នុងផលិតកម្មពូជស្រូវ ដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូត ម៉ាស៊ីនសម្អាត ម៉ាស៊ីនស្ទូង និងមធ្យោបាយដឹកជញ្ជូន។ល។ តាមរយៈហិរញ្ញប្បទាននេះ រំពឹងថានឹងធ្វើអោយប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធភាពរាល់ប្រតិបត្តិការសហគមន៍ ដោយអាចត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យនាពេលអនាគត។
តាមផែនការពិពិធកម្ម សហគមន៍កសិកម្មមិត្តភាពព្រះស្រីមានអ្នកផលិតពូជស្រូវចំនួន៥៦ គ្រួសារ និងមានផ្ទៃដីដាំដុះ ៥៣,៥ហិកតា ក្នុងនោះសមាជិកដែលបានចូលរួមស្នើសុំហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ពីគម្រោងមានចំនួន២៩គ្រួសារ និងមានផ្ទៃដីផលិតពូជស្រូវចំនួន៤២ ហិកតា (ផ្ការំដួល ២៣,៦ហិកតា និងសែនក្រអូប១៨,៤ហិកតា) ដែលអាចផលិតពូជស្រូវបានជាមធ្យម១២៥តោន (ផ្ការំដួល៧០ តោន និងសែនក្រអូប៥៥ តោន) ក្នុង១ឆ្នាំ។ចំណែកឯសហគមន៍កសិកម្មឃុំត្រពាំងឬស្សីវិញមានសមាជិកដែលផលិតពូជស្រូវផ្ការំដួលចំនួន៤៣ គ្រួសារ មានផ្ទៃដីដាំដុះសរុបចំនួន៥២ ហិកតា ក្នុងនោះសមាជិកចូលរួមស្នើសុំហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ពីគម្រោងមានចំនួន២៦ គ្រួសារ មានផ្ទៃដីផលិតពូជស្រូវចំនួន៣៨ ហិកតា ដែលអាចផលិតពូជស្រូវបានជាមធ្យមចំនួន១០០ តោនក្នុង១ឆ្នាំ។
ពិធីចុះហត្ថលេខាបានព្រឹត្តិទៅក្រោមអធិបតីភាពលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP ក្នុងនាម ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលារធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្នាក់ការសហគមន៍កសិកម្មមិត្តភាពព្រះស្រី ឃុំសំព្រោច ស្រុកស្ទោង និងនៅទីស្នាក់ការសហគមន៍ឃុំត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អញ្ជើញចូលរួមធ្វើជាសាក្សី មានតំណាងសហគមន៍កសិកម្ម សហការី តំណាងអង្គភាពអនុវត្តគម្រោង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន។