គម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួនពីរគឺ សហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា ខេត្តកំពង់ឆ្នាំង និងសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ 25 Aug 2025
40
ភ្នំពេញ៖ នៅសប្តាហ៍ទី៣នៃខែសីហា នេះ រាជរដ្ឋាភិបាល សហការជាមួយធនាគារពិភពលោក តាមរយៈគម្រោង CASDP បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគជាមួយសហគមន៍កសិកម្មចំនួនពីរគឺ សហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា នៅខេត្តកំពង់ឆ្នាំង និងសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្រោមកិច្ចព្រមព្រៀងនេះ សហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា បានទទួលហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ស្មើនឹង ១៦០ ៣៦០ ដុល្លារអាម៉េរិក ដើម្បីបង្កើនផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងផលិតពូជស្រូវ។ ដូចគ្នានេះដែរ សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានទទួលហិរញ្ញប្បទាន៤0% ស្មើនឹង ១១០ ៦៨០ ដុល្លារអាម៉េរិក ដើម្បីជួយសហគមន៍អនុវត្តកសិកម្មល្អសម្រាប់ផលិតកម្មម្រេច។ ហិរញ្ញប្បទាននេះនឹងអនុញ្ញាតិឱ្យសហគមន៍អាចអនុវត្តផែនការធុរកិច្ចដោយជោគជ័យ និងមានផលប៉ះពាល់ជាវិជ្ជមានសម្រាប់គម្រោង។
កិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វា ផ្តោតលើការសាងសង់ផ្ទះសំណាញ់ចំនួន១៥ ខ្នង សាងសង់ឃ្លាំង ទិញឡានដឹកទំនិញ ម៉ាស៊ីនសម្ងួត និងសម្ភារចាំបាច់ផ្សេងទៀតសម្រាប់សហគមន៍។ លើសពីនេះ គម្រោង CASDP នឹងផ្តល់ផ្ទះសំណាញ់ចំនួន ៣៣ ខ្នង ម៉ាស៊ីនបូមទឹក ត្រាក់ទ័រ និងធាតុចូលកសិកម្មផ្សេងទៀតនៅកម្រិតក្រុមអ្នកផលិត។ ជំនួយឥតសំណង៤0% សម្រាប់សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ បានផ្តោតលើការទិញរថយន្តដឹកទំនិញ ជញ្ជីងថ្លឹងអេឡិចត្រូនិច បន្ទះពន្លឺសូឡា និងធាតុចូលកសិកម្មផ្សេងទៀត ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃផលិតកម្មម្រេច។
ការវិនិយោគនេះនឹងមានផលប៉ះពាល់ជាវិជ្ជមានដោយផ្ទាល់ដល់គ្រួសារចំនួន៤៦៨ មកពីសហគមន៍ទាំងពីរ ដែលសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដពេជចង្វាមានតំណាងសមាជិក៦២ នាក់ និង៦៥ គ្រួសារមកពីសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ។ សម្រាប់អ្នកចូលរួមអនុវត្តផែនការពិពិធកម្មផ្ទាល់មកពីសហគមន៍កសិកម្មទាំងពីរមានចំនួន ១២៧ នាក់ក្នុងនោះមានស្ត្រី ១៨ នាក់។
ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយតំណាងសហគមន៍កសិកម្មបានអញ្ជើញចុះកិច្ចព្រមព្រៀងនេះជាមួយតំណាងសហគមន៍ទាំងពីរខាងលើ។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្ត និងអាជ្ញា
ធរមូលដ្ឋាន បានចូលរួមជាសាក្សី។