គណៈកម្មការវាយតម្លៃ EC បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដាក់ពិន្ទុលើផែនការពិពិធកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មចំនួន២ មកពីខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 25 Aug 2025
35
កំពង់ធំ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥, គណៈកម្មការវាយតម្លៃ EC បានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដាក់ពិន្ទុលើផែនការពិពិធកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មចំនួន២ រួមមាន៖ សហគមន៍កសិកម្មចំណាលើរីកចម្រើន សម្រាប់ផលិតកម្មកូនជ្រូក និងជ្រូកសាច់ ស្ថិតនៅ ស្រុកស្ទោង និងសហគមន៍កសិកម្ម អូរកន្ធរមានជ័យ សម្រាប់ផលិតកម្មពូជស្រូវសែនក្រអូប និងពូជស្រូវស្រង៉ែ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដូចគ្នា។
សំណើនេះមានគោលដៅដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលសហគមន៍កសិកម្មចំណាលើរីកចម្រើនកំពុងជួបប្រទះ ដូចជា សមត្ថភាពមានកម្រិតក្នុងការធ្វើផែនការផលិតកម្មជ្រូកសាច់ជាក្រុម ធ្វើឱ្យការផ្គត់ផ្គង់ទៅកាន់អ្នកបញ្ជាទិញមិនបានគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យឈ្មួញមិនហានចុះកិច្ចព្រមព្រៀងទិញលក់, ខ្វះទុនសម្រាប់កែលម្អ និងពង្រីកការចិញ្ចឹមជ្រូកសាច់ និងផលិតកូនជ្រូកឱ្យស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ, និងសមត្ថភាពគ្រប់គ្រងអាជីវកម្មរបស់គណៈកម្មការដឹកនាំសហគមន៍នៅមានកម្រិត។
ដូចគ្នានេះដែរ សម្រាប់សហកមន៍កសិកម្មអូរកន្ធរមានជ័យ សំណើនេះដែរនឹងចូលមកដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចជា ខ្វះខាតទុនវិនិយោគលើគ្រឿងយន្តកសិកម្ម ដែលត្រូវការចាំបាច់លើផលិតកម្មពូជស្រូវ ដូចជា ត្រាក់ទ័រ ម៉ាស៊ីនច្រូត ម៉ាស៊ីនស្ទូង និងមធ្យោបាយដឹកជញ្ជូន, សមត្ថភាព និងបទពិសោធន៍របស់សមាជិកគណៈកម្មការសហគមន៍នៅមានកម្រិត លើផ្នែកបច្ចេកទេសផលិតពូជស្រូវ ការត្រួតពិនិត្យគុណភាពពូជ និងការទុកដាក់ក្រោយប្រមូលផល, និងខ្វះទុនបង្វិលក្នុងប្រមូលទិញពូជស្រូវពីសមាជិកក្រោយពេលប្រមូលមូលផលរួច។
ដូច្នេះប្រសិនបើផែនការអាជីវកម្មទាំងពីរខាងលើទទួលបានជោគជ័យ សហគមន៍កសិកម្មមានលទ្ធភាពពង្រីកផលិតកម្មរបស់ខ្លួនឱ្យក្លាយជាធុរកិច្ចមានសេដ្ឋកិច្ចមានមាត្រដ្ឋានសម្រាប់សហគមន៍ និងសមាជិកក្រុមផលិតក្នុងបរិមាណមួយដែលអាចផ្គត់ផ្គង់ទីផ្សារបាន។
គួបញ្ជាក់ថា សំណើរបស់សហគមន៍កសិកម្មទាំងពីរខាងនឹងត្រូវដាក់ជូនគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដើម្បីបើកកិច្ចប្រជុំវាយតម្លៃ ក្រោយពីលេខាធិការដ្ឋានគណៈកម្មការវាយតម្លៃពិនិត្យ និងផ្ទៀងផ្ទាត់រួចឃើញថា សំណើនេះមានផែនការធុរកិច្ចច្បាស់លាស់ និងមានអាទិភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងស្របតាមលក្ខណ្ឌគម្រោងរួចហើយ។ កិច្ចប្រជុំនេះបានប្រព្រឹត្តក្រោមការដឹនាំរបស់លោក យ៉ន សម្បត្ដិ ប្រធានគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា, និងមានការអញ្ជើញចូលរួមពីតំណាងសមាជិកគណៈកម្មការវាយតម្លៃគម្រោង និងតំណាងសហគន៍ និងសមាជិកចូលរួមអនុវត្តធុរកិច្ចប្រមាណ៥០នាក់។