៣០ កក្កដា ២០២៥ | ស្រុកប្រាសាទបល្ល័ង្ក៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ បានធ្វើឡើងក្នុងនៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ក្នុងគោលដៅធានាបានកំណើនសេដ្ឋកិច្ចសហគមន៍មានបរិយាប័ន តាមរយៈការគាំទ្រដល់កសិករអ្នកផលិតនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ គំនិតផ្តួចផ្តើមនៃកិច្ចព្រមព្រៀងនេះ គាំទ្រដោយគម្រោង CASDP ក្រោមហិរញ្ញប្បទានធនាគារពិភពលោក (WB)។
សមាជិកសហគមន៍សរុបចំនួន ២៤នាក់ (ស្រី ៧នាក់) មកពីសហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដែលនឹងចូលរួមអនុវត្តហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ឬស្មើនឹង ២៥ ១២៤ ដុល្លារអាម៉េរិក ដើម្បីពង្រីកផលិតកម្មស្វាយចន្ទីឱ្យបានជាមធ្យម ១,៤០៩ តោន/៣ឆ្នាំ (៧៨៣ តោន សម្រាប់គ្រាប់ស្វាយចន្ទីស្រស់ និងគ្រាប់ស្វាយចន្ទីស្ងួតចំនួន ៦២៦ តោន)។
ថវិកានេះនឹងត្រូវបានធ្វើពិពិធកម្មស្របតាមតម្រូវការជាក់ស្តែងរបស់កសិករអ្នកផលិត និងអ្នកកែច្នៃកសិផល ដោយផ្តោតសំខាន់លើការគាំទ្រសម្ភារកសិកម្មខ្សែច្រវាក់តម្លៃកែច្នៃស្វាយចន្ទី រហូតដល់ធាតុចូលកសិកម្មខ្នាតតូចផ្សេងទៀត ដូចជាម៉ាស៊ីនបូមទឹកសម្រាប់ប្រព័ន្ធស្រោចស្រព លានហាល (ស៊ីឡូ) ម៉ាស៊ីនវាស់សំណើម គោយន្ត ម៉ាស៊ីនកាត់ស្មៅ ម៉ាស៊ីនបាញ់ថ្នាំ និងឧបករណ៍ផ្សេងទៀត ដែលបានគាំទ្រយ៉ាងទូលំទូលាយលើខ្សែច្រវាក់តម្លៃអាទិភាព។
កិច្ចព្រមព្រៀងនេះធ្វើឡើងនៅភូមិក្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងចុះហត្ថលេខាដោយ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយតំណាងសហគមន៍កសិកម្មទំនើបសាលាវិស័យកំពង់ធំ។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។