សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០%សម្រាប់ពង្រីកផលិតកម្មស្វាយចន្ទី

ចេញ​ផ្សាយ​ 07 Aug 2025
4
៣០ កក្កដា ២០២៥ | ស្រុកសណ្តាន់ ខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ច មានបរិយាប័នសម្រាប់សហគមន៍ ដោយទំលាក់សាច់ប្រាក់ទៅក្នុងផែនការអាជីវកម្មសម្រាប់ផលិតគ្រាប់ស្វាយចន្ទីនៅស្រុកសណ្តាន់ ដែលបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ឬស្មើនឹង ៦៩ ៣៧០ ដុល្លារអាម៉េរិក ក្រោមហិញ្ញប្បទានពីធនាគារពិភពលោក តាម រយៈគម្រោង CASDP ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍កសិកម្ម។
កិច្ចព្រមព្រៀងនេះនឹងមានសមាជិកចំនួន ៣០ នាក់ (ក្នុងនោះស្រ្តី ៤ នាក់) នៃសមាជិកសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំនឹងចូលរួមអនុវត្តផែនការអាជីវកម្មផលិតគ្រាប់ស្វាយចន្ទីឱ្យទទួលបានជោគជ័យ។ សមាជិកទាំង៣០រូបនឹងខិតខំប្រឹងប្រែងពង្រីកផលិតកម្មគ្រាប់ស្វាយចន្ទីឱ្យបានជាមធ្យម ១,៣៤៥ តោនក្នុងរយៈពេល ៣ ឆ្នាំ (គ្រាប់ស្វាយចន្ទីស្រស់ចំនួន ៧៤៧ តោន និងគ្រាប់ស្វាយចន្ទីស្ងួតចំនួន ៦៩៧ តោន)។
កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ជាឧបករណ៍សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យឯកជនដោយផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើពិពិធកម្មកសិកម្ម ដោយបង្កើតជាខ្សែបន្ទាត់ឥណទានបំពេញបន្ថែមសម្រាប់ក្រុមអ្នកផលិត (POs) និងកសិអាជីវកម្មខ្នាតតូច និងមធ្យម (SMAs) ផ្សារភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់តម្លៃ។ ជាលទ្ធផល ការវិនិយោគទាំងនេះអាចជួយជំរុញការអភិវឌ្ឍន៍ទីផ្សារ ការច្នៃប្រឌិត និងជំរុញកំណើនប្រាក់ចំណូលសម្រាប់សហគមន៍។
កិច្ចព្រមព្រៀងនេះផ្តោតលើជំនួយសម្ភារបម្រើឱ្យការផលិតស្វាយចន្ទី ដូចជាឃ្លាំងស្តុកស្វាយចន្ទី ទីលានហាល ឡានដឹកទំនិញ ជញ្ជីងប៉ុង និងធាតុចូលកសិកម្មផ្សេងទៀត។ សម្ភារយុទ្ធសាស្រ្តកសិកម្មទាំងនេះ គាំទ្រទាំងនៅកម្រិតសហគមន៍ និងកម្រិតក្រុមអ្នកផលិត ដើម្បីធានាបានប្រព័ន្ធផលិតកម្មមួយរឹងមាំ មានទំនុកចិត្តក្នុងការអនុវត្តប្រកបដោយជោគជ័យ។
កិច្ចព្រមព្រៀងនេះធ្វើឡើងនៅភូមិលេង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងចុះហត្ថលេខាដោយ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយតំណាងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ។ អញ្ជើញចូលរួមក្នុងកិច្ចព្រមព្រៀងនេះរួមមាន សហការី តំណាងអង្គភាពអនុវត្តគម្រោង មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម សមាជិកសហគមន៍កសិកម្ម និងតំណាងមន្ទីរកសិកម្មខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាសាក្សី។