គម្រោងពិពិធកម្មកសិកម្មកម្ពុជាចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដើម្បីគាំទ្រសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរ ខេត្តសៀមរាប

ចេញ​ផ្សាយ​ 07 Aug 2025
6
សៀមរាប៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដើម្បីគាំទ្រសហគមន៍កសិកម្មសម្ព័ន្ធកសិករខ្មែរអង្គរនៅខេត្តសៀមរាប។
នាឱកាសពិធីចុះហត្ថលេខានោះ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីលើកកម្ពស់ផលិតកម្មបន្លែសុវត្ថិភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារកើនឡើង។ លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមកិច្ចការងារគម្រោង CASDP នៃធនាគារពិភពលោក និងសហការី ក៏បានអញ្ជើញធ្វើជាសាក្សីនៃអង្គពិធីដ៏មានសារៈសំខាន់ដែរ។
ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% នឹងជួយសមាជិកសហគមន៍កសិកម្មក្នុងសកម្មភាពបង្កើតប្រាក់ចំណូល កែលម្អផលិតកម្ម តាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ និងអនុវត្តប្រព័ន្ធធារាសាស្ត្រជាលក្ខណៈគ្រួសារ។ កិច្ចអន្តរាគមន៍នេះរំពឹងថា នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកសហគមន៍ទាំងមូល។
តាមរយៈហិរញ្ញប្បទាននេះ សហគមន៍កសិកម្មនឹងទទួលបានផ្ទះសំណាញ់ចំនួន ៥០ខ្នង ប្រព័ន្ធស្រោចស្រពកសិកម្ម ថ្នាលបណ្តុះកូនបន្លែ និងម៉ាស៊ីនវៃដីចំនួន៣គ្រឿង។ ក្រៅពីនេះ ជំនួយឥតសំណង ១00% នឹងជួយកែលម្អផ្លូវកសិកម្មសំខាន់មួយប្រវែង ៥.៣គីឡូម៉ែត្រ ដែលអាចឱ្យសហគមន៍កសិកម្មប្រើប្រាស់ដឹកជញ្ជូនកសិផលផ្គត់ផ្គង់បន្លែសុវត្ថិភាពប្រមាណ ១៣៥ តោនក្នុងមួយឆ្នាំ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីភាគីអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន មានអាជ្ញាធរមូលដ្ឋាន និងអង្គភាពអនុវត្តគម្រោងមកពីអន្តរក្រសួងនានា ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាឱ្យគម្រោងទទួលបានជោគជ័យ។