សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ក្រុមការងារត្រួតពិនិត្យវឌ្ឍនភាពគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅចំការម្រេចសរីរាង្គ

ចេញ​ផ្សាយ​ 07 Aug 2025
5
ខេត្តមណ្ឌលគីរី៖ សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី ដែលជាសហគមន៍មួយទទួលបានជោគជ័យ ក្នុងចំណោមសហគមន៍ដទៃទៀតគាំទ្រដោយគម្រោង CASDP បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្ររៀបចំដំណើរទស្សនកិច្ចសិក្សារបស់លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង CASDP រួមជាមួយនឹងសហការីអញ្ជើញមកពីធនាគារពិភពលោក ក្នុងដំណើរត្រួតពិនិត្យវឌ្ឍនភាពគម្រោងរយៈពេលមួយថ្ងៃទៅកាន់ខេត្តមណ្ឌលគិរី កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥។
គម្រោង CASDP បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយហិរញ្ញប្បទានដល់សហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី ក្នុងទម្រង់ជាជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0% ដែលបានអនុញ្ញាតឱ្យសហគមន៍កសិកម្ម មានលទ្ធភាពអនុវត្តផែនការអាជីវកម្មរបស់ខ្លួន ដើម្បីកែលម្អខ្សែសង្វាក់ផលិតកម្មម្រេចសរីរាង្គពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ សម្រាប់នាំចេញទៅកាន់ទីផ្សារនៅអ៉ឺរ៉ុប។
ដំណើរទស្សនកិច្ចចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងនេះ ដឹកនាំដោយលោកជំទាវ ចំរើន មុទិតា និងសហការី និងគាំទ្រដោយលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP មានគោលបំណងច្បាស់លាស់ដើម្បីពិនិត្យវឌ្ឍនភាពសកម្មភាពដែលបានអនុវត្តដោយសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី និងដើម្បីជួយកែលម្អការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មម្រេច។
ក្នុងពេលទស្សនកិច្ចទៅកាន់ចំការម្រេចសរីរាង្គ លោកជំទាវ និងក្រុមការងារបានជួបជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្ម ដែលជាជំនួបដ៏មានសារៈសំខាន់សម្រាប់ការសិក្សាស្វែងយល់បន្ថែមពីប្រសិទ្ធភាពការអនុវត្ត និងធ្វើការកែលម្អក្នុងករណីចាំបាច់។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ជាគម្រោងផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានផ្តល់ដោយធនាគារពិភពលោក ក្នុងការធ្វើពិពិធកម្ម និងកែលម្អវិស័យកសិកម្មនៅកម្ពុជា។ គម្រោងបានគាំទ្រសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរីលើជំនួយហិរញ្ញប្បទានឥតសំណងបំពេញទុនវិនិយោគ ៤0% សម្រាប់ប្រើប្រាស់លើធាតុចូលកសិកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនផលិតកម្ម និងវិបុលភាពនាទីផ្សារនាំចេញពេលអនាគត