គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មមាន់ស្រែអូរផុត

ចេញ​ផ្សាយ​ 16 Jul 2025
14
ដំណើរការចិញ្ចិម និងថែទាំមាន់ស្រែរបស់សហគមន៍កសិកម្មមាន់ស្រែអូរផុត ស្ទើរតែទៅមុខមិនរួច នោះដោយសារការផលិតចំណីទាមទារអោយមានវត្ថុធាតុដើមពីធម្មជាតិពីបណ្តាខេត្តឆ្ងាយៗ ដូចជា កន្ទក់ ស្រូវ បន្លែនិងខ្វះទំនាក់ទំនងទីផ្សារ។ ដោយឡែកការផ្គត់ផ្គង់កូនមាន់ពូជក៏នៅមានកម្រិតទាប សំរាប់បំពេញតម្រូវការទៅដល់ដៃប្រជាកសិករ ដែលចង់ពង្រីកមុខរបរចិញ្ចិមមាន់បន្ថែម ។
ជាមួយគ្នានេះដែរ ការដាំបន្លែនៅទីវាល ធ្វើឱ្យកសិករបានជួបប្រទះបញ្ហាអាកាសធាតុប្រែប្រួលមានភ្លៀងធ្លាក់ជោគជាំនាំឱ្យខូចដំណាំ និងការបំផ្លាញពីសត្វល្អិត។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មមាន់ស្រែអូរផុត គាំទ្រដល់ការពង្រីកខ្សែច្រវាក់ផលិតកម្មចិញ្ចឹមមាន់យកស៊ុត និងពង្រីកផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ផងដែរដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។
កិច្ចព្រមព្រៀងនេះមានចំនួនពីរកញ្ចប់ទី១ ថវិកាចំនួន ៥៧ ៤៨៧.៣៦ ដុល្លារអាម៉េរិក សម្រាប់ផលិតកម្មចិញ្ចឹមមាន់យកស៊ុត និងទី២ ថវិកាចំនួន ៧៧ ៧៦៤.៨០ ដុល្លារអាម៉េរិក សម្រាប់ផលិតកម្មបន្លែក្នុងផ្ទះសំណាញ់ និងត្រូវអនុវត្តរយៈពេល៣ឆ្នាំ។ កិច្ចព្រមព្រៀងក៏បានគាំទ្រ ១០០% ក្នុងការកែលម្អផ្លូវកសិកម្មសម្រាប់ដឹកមាន់ស្រែ និងបន្លែទៅកាន់ទីផ្សារផងដែរ ក្នុងនោះផ្លូវលំជនបទប្រវែងសរុប ៦.៣៨ គីឡូម៉ែត្រ (ប្រភេទ DBST) ប្រើថវិកាសរុបចំនួន ១ ០៤០ ០០០ ដុល្លារអាម៉េរិក។
សហគមន៍កសិកម្មមាន់ស្រែអូរផុតមានសមាជិកសរុបចំនួន ១១៧ នាក់ (ស្រ្តី ៧១នាក់) ក្នុងនោះសមាជិកដែលបានស្នើសុំហិរញ្ញប្បទានឥតសំណង ៤០% មានចំនួន ៨១ នាក់ (ស្រ្តី ៣៨ នាក់) សមាជិកចំនួន ៣៤នាក់ (ស្រ្តី ០៨នាក់) ចូលរួមក្នុងផលិតកម្មបន្លែក្នុងផ្ទះសំណាញ់ និងចំនួន ៤៧នាក់ (ស្រ្តី ៣០នាក់) ទៀតចូលរួមក្នុងផលិតកម្មចិញ្ចឹមមាន់យកស៊ុត។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកចូលរួម ឯកឧត្តម ឃឹម ហ្វីណង់ បានជម្រាបជូនសមាជិកសហគមន៍កសិកម្មពីអត្ថប្រយោជន៍ក្នុងការចូលរួមជាមួយសហគមន៍ ដូចជាការធ្វើផែនការរួមសម្រាប់ផលិតកម្មចិញ្ចឹមមាន់ និងដាំបន្លែ ផែនការដាំដុះ ថែទាំ ប្រមូលផល។ សហគមន៍មានលទ្ធភាពទទួលបានទីផ្សារល្អ ទទួលបានប្រាក់កម្ចីដែលមានប្រព័ន្ធអនុគ្រោះ អំណាចនៃការចរចារថ្លៃជាមួយក្រុមហ៊ុនទទួលទិញ និងឱកាសទទួលបានធាតុចូលកសិកម្មផ្សេងទៀត។
ជាចុងក្រោយ ឯកឧត្តមនាយកគម្រោង បានលើកទឹកចិត្តដល់សមាជិកទាំងអស់របស់សហគមន៍ត្រូវប្តេជ្ញាចិត្តគោរពគោលការណ៍របស់សហគមន៍ ជាពិសេសកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុន ដូចជាការលក់រួមគ្នា និងបែងចែកភាគលាភប្រកបដោយតម្លាភាពក្នុងចំណោមសមាជិកទាំងអស់។
កិច្ចព្រមព្រៀងនេះបានប្រព្រឹត្តិទៅនៅ ភូមិអូរផុត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី តំណាងអង្គភាពអនុវត្តគម្រោង រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងជាមួយអ្នកស្រី កន ភារម្យ ប្រធានសហគមន៍កសិកម្មមាន់ស្រែអូរផុត និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ សមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋានចូលរួមធ្វើជាសាក្សី។