ថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៥ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក សហគមន៍កសិកម្មចំប៉ាសែនជ័យ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាពនៅទីវាល។
សហគមន៍កសិកម្មចំប៉ាសែនជ័យមានសក្តានុពលផ្នែកកម្លាំងពលកម្មដោយមានសមាជិក ៥៣គ្រួសារ ដែលមានសមាជិក២៧០នាក់ ក្នុងនោះស្រ្តី១២៧នាក់ មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ ដូចជា ការិយាល័យ សហគមន៍ កន្លែងប្រមូលផ្តុំស្តុកបន្លែ វេចខ្ចប់ និងកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារ និងដីមានជីជាតិ និងទឹកគ្រប់គ្រាន់។
ប៉ុន្តែសហគមន៍កសិកម្មចំប៉ាសែនជ័យនៅជួបបញ្ហាប្រឈមមួយចំនួនដូចជា ខ្វះមធ្យោបាយដឹកជញ្ជូនកសិផលរបស់សមាជិកដើម្បីឆ្លើយតបតាមការបញ្ជាទិញ សមត្ថភាពគ្រប់គ្រងសហគមន៍ និងសមត្ថភាពស្វែងរកទីផ្សារនៅមានកម្រិត ខ្វះហិរញ្ញវត្ថុ និងបច្ចេកទេសផលិតកម្ម។
កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងនៅថ្ងៃនេះ ពិតជាបានដើរតួនាទីសំខាន់ក្នុងការគាំទ្រការពង្រីកធុរកិច្ចមាត្រដ្ឋានសេដ្ឋកិច្ច តាមរយៈការរៀបចំផែនការដាំដុះជាក់លាក់ ការកែលម្អបច្ចេកទេស ការបង្កើនគុណភាព និងការពង្រឹងភាពជាដៃគូធុរកិច្ចក្នុងទិសដៅបង្កើនប្រាក់ចំណូលដល់សមាជិកក្រុមផលិត និងសហគមន៍។
កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្តរយៈពេលបីឆ្នាំ និងមានថវិកាសរុបចំនួន ៤៣ ៧៤០ ដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍ ដោយផ្តោតលើការផ្គត់ផ្គង់ធាតុចូលកសិកម្ម បម្រើឱ្យខ្សែច្រវាក់ផលិតកម្មបន្លែនៅទីវាល ក្នុងនោះមានត្រាក់ទ័រភ្ជួរដី ម៉ូតូកង់បីចំនួន៣គ្រឿង ម៉ាស៊ីនបូមទឹក គោយន្ត។ល។
តាមផែនការ សហគមន៍កសិកម្មគ្រោងពង្រីកទំហំផលិតកម្មបន្លែសុវត្ថិភាពនៅទីវាល ក្នុងបរិមាណ ៧៩២តោន/ឆ្នាំ ឬ ២ ៤២៣តោន/៣ឆ្នាំ ដែលនឹងផ្តល់ប្រាក់ចំណូលសរុបប្រមាណ ៤៤ ២៥០ ដុល្លារអាម៉េរិក/ឆ្នាំ នៅកម្រិតសហគមន៍ និង២៣៧ ៤៨០ ដុល្លារអាម៉េរិក/ឆ្នាំ នៅកម្រិតសហគមន៍ និង២៣៧ ៤៨០ ដុល្លារអាម៉េរិក/ឆ្នាំ នៅកម្រិតក្រុមផលិត។
កិច្ចព្រមព្រៀងនេះបានប្រព្រឹត្តិទៅនៅ ភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាព លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP ក្នុងនាម ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក គង់ វ៉ុង ប្រធានសហគមន៍កសិកម្មចំប៉ាសែនជ័យ និងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ តំណាងអង្គភាពអនុវត្តគម្រោង សមាជិកសហគមន៍កសិកម្ម និងអាជ្ញាធរមូលដ្ឋានចូលរួមធ្វើជាសាក្សី។