សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាភូមិដែលទើបនឹងបង្កើតថ្មីនៅខែមីនា ឆ្នាំ២០២១ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដីសម្បទានសង្គមកិច្ចប្រមាណជាង៩០០ហិកតា ដើម្បីបែងចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី។
កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចុះផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបជូនដល់ពលរដ្ឋប្រមាណ ១៤៥ នាក់ ដើម្បីចងក្រងជាសហគមន៍កសិកម្មទំនើប តាមរយៈការដាក់ចេញនូវកម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្មពីលក្ខណៈគ្រួសារអោយទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងទាំងគុណភាព និងបរិមាណ។
នៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៥ នេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ដើម្បីគាំទ្រការអនុវត្តផែនការពិពិធកម្ម និងធុរកិច្ចពង្រីកផលិតកម្មដំណាំម្ទេសស្រស់ តាមបទដ្ឋានបច្ចេកទេសអនុវត្តន៍កសិកម្មល្អ សំដៅផ្គត់ទីផ្សារ និងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ និងសមាជិកក្រុមផលិត។
យោងតាមផែនការពិពិធកម្មកសិកម្មរបស់សហគមន៍ កិច្ចព្រមព្រៀងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ និងមានថវិកាសរុបចំនួន ១,២ លានដុល្លារ សម្រាប់គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍ ក្នុងនោះថវិកាជាង៦មុឺនដុល្លារ សម្រាប់គាំទ្រផ្ទាល់ដល់ផលិតកម្មម្ទេស និងថវិកា១,១ លានដុល្លារទៀត សម្រាប់រៀបចំជាប្រព័ន្ធស្រោចស្រពដោយមានការបំពាក់ទុយោមេចែកចាយទឹកធ្វើកសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យទាំងមូល។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP/MAFF ជាមួយតំណាងសហគមន៍ទំនើបម្ទេសដំណាក់ត្រយឹង និងមានការអញ្ជើញចូលរួមធ្វើជាសាក្សីដោយអស់លោក លោកស្រី តំណាងអង្គភាពអនុវត្តគម្រោង CASDP (MAFF, MEF, MOWRAM) ទីប្រឹក្សាអង្គភាពអនុវត្តគម្រោង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍។
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងបានចុះបញ្ជីនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលមានសមាជិកសរុប ១៤៩នាក់ (ស្ត្រី៤៩នាក់) ក្នុងនោះសមាជិកដែលបានស្នើសុំហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ពីគម្រោង CASDP មាន ចំនួន ១០០គ្រួសារ (ស្រ្តី៣៧នាក់) ដែលសុទ្ធសឹងជាគ្រួសារអតីតយុទ្ធជនក្រីក្រ ដែលត្រូវជ្រើសរើសអោយទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគាត់ទាំងអស់បានលះបង់កម្លាំងកាយ និងកម្លាំងចិត្តការពារបូរណភាពទឹកដី និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍មកទល់នឹងសព្វថ្ងៃនេះ។