CASDP បានផ្តល់រថយន្តដឹកទំនិញមួយគ្រឿង ដល់សហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿង

ចេញ​ផ្សាយ​ 16 Jul 2025
12
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% បានផ្តល់រថយន្តដឹកទំនិញមួយគ្រឿង ដល់សហគមន៍កសិកម្មស្រ្តីសាមគ្គីពានីរុងរឿង នៅភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឡានដឹកទំនិញថ្មីនេះ ជាក្តីសង្ឃឹមថ្មីមួយជួយដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍កសិកម្ម ដែលកំពង់ជួបប្រទះពាក់ព័ន្ធតម្លៃផលិតកម្មខ្ពស់ តម្លៃទាបសម្រាប់ជ្រូករស់ ដែលភាគច្រើនកំណត់ដោយឈ្មួញកណ្តាល ការប្រកួតប្រជែងខ្ពស់ជាមួយជ្រូកនាំចូល និងកង្វះធនធានក្នុងការពង្រីកផលិតកម្មចិញ្ចឹមជ្រូក។
គម្រោង CASDP បានដាក់ឱ្យអនុវត្តនូវហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្ម ដោយសារហិរញ្ញប្បទាននេះអាចជួយអាជីវកម្មកាត់បន្ថយថ្លៃដើម ដោយទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជាគ្រឿងម៉ាស៊ីន ឬបច្ចេកទេសចិញ្ចឹម ដែលអាចជួយសម្រួលដំណើរការផលិតកម្ម និងកាត់បន្ថយការចំណាយច្រើន។
ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ បានជួយកែលម្អខ្សែច្រវាក់ផលិតកម្មចិញ្ចឹមជ្រូករបស់សហគមន៍សម្រាប់ការនាំចេញទៅកាន់ទីផ្សារ។ ហិរញ្ញប្បទានក៏បានជួយសម្រួលប្រតិបត្តិការអាជីវកម្មរវាងសហគមន៍កសិកម្ម និងសមាជិក ដើម្បីធានាលើកកម្ពស់ការអនុវត្តអាជីវកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បានប្រសើរជាងមុន ឈានទៅរកការកាត់បន្ថយការចំណាយលើកិច្ចលទ្ធកម្ម និងការគ្រប់គ្រងសារពើភ័ណ្ឌកាន់តែមានប្រសិទ្ធភាព។