តាកែវ៖ ការដឹកជញ្ជូនផលិតផលកសិកម្ម តែងជាបញ្ហាប្រឈមមួយសំខាន់សម្រាប់សមាជិកសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់។ ទោះជាយ៉ាងនេះក្តី ការប្រគល់ទទួលឡានថ្មីសម្រាប់ដឹកទំនិញនៅថ្ងៃនេះ ជាក្តីសង្ឃឹមថ្មីមួយទៀតរបស់សហគមន៍ក្នុងការបន្ធូរបន្ថយការលំបាកខ្លះ និងសម្រាប់ការរក្សាបាននូវតុល្យភាពនៃការចំណាយ និងពេលវេលា ដើម្បីទទួលប្រាក់ចំណេញត្រឡប់មកវិញ។
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានគាំទ្រដោយធនាគារពិភពលោក បានទំលាក់ហិរញ្ញប្បទាន តាមរយៈជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤0 ភាគរយ ចូលទៅក្នុងកសិដ្ឋាន ឃ្លាំងស្តុកទៅនិញ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដឹកជញ្ជូន ដើម្បីបង្កើនការផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុក និងក្នុងតំបន់ និងដឹកជញ្ជូនផលិតផលកសិកម្មរបស់ពួកគេទៅកាន់កន្លែងនានាតាមតម្រូវការយ៉ាងមានប្រសិទ្ធភាពបំផុត។
នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ បានទទួល ប្រគល់រថយន្តដឹកទំនិញថ្មីមួយគ្រឿង មានទំហំ ១.៥ តោន។ រថយន្តនេះទទួលបានការឧបត្ថម្ភទុនវិនិយោគបំពេញបន្ថែមចំនួន ៤០ ភាគរយ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដើម្បីជួយពង្រឹងប្រព័ន្ធដឹកជញ្ជូន និងផ្គត់ផ្គង់ផលិតផលកសិកម្មរបស់សហគមន៍។
អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ទទួលរួមមាន គណៈកម្មាធិការលទ្ធិកម្ម, តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ, និងតំណាងក្រុមហ៊ុន ISUZU។
ការទទួលបានរថយន្តដឹកទំនិញនេះ ជាជំហានដ៏សំខាន់មួយក្នុងការវិវត្តន៍នៃសហគមន៍ទំនើប ដែលមានសក្ដានុពលក្នុងការបន្ដរទំនាក់ទំនងជាមួយទីផ្សារ និងបង្កើនប្រសិទ្ធភាពសមត្ថភាពអាជីវកម្ម។
រថយន្តនេះនឹងមានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនផលិតផលពីសហគមន៍កសិកម្មទំនើប ទៅកាន់ទីផ្សារ ដោយធានានូវគុណភាព និងកាត់បន្ថយការចំណាយក្នុងដំណើរការដឹកជញ្ជូន។ គម្រោងក៏មានការគាំទ្រដល់សកម្មភាពនានារបស់សហគមន៍នាពេលអនាគត ដើម្បីធានាបានផលប្រយោជន៍ជាអតិបរមា។