សមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការថែទាំប្រព័ន្ធស្រោចស្រពដោយប្រើពន្លឺព្រះអាទិត្យ

ចេញ​ផ្សាយ​ 20 Jun 2025
32
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) គាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បូមទឹកសូឡា ដែលជាវិធីសាស្រ្តថ្មីនាំឱ្យមានការប្រែប្រួលផលិតកម្មសម្រាប់កសិករនៅសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង។ ប្រព័ន្ធនេះបានកាត់បន្ថយថ្លៃដើមជាប្រេងឥន្ធនៈ (ម៉ាស៊ីនបូមប្រើប្រេងម៉ាស៊ូត) និងកាត់បន្ថយការចំណាយថ្លៃអគ្គិសនីបានច្រើន។ ប្រព័ន្ធបូមទឹកប្រើសូឡាក៏បានជួយឱ្យកសិករអាចសន្សំបានរយៈពេលវែង និងកាត់បន្ថយការចំណាយលើការថែទាំ ដែលកសិករអាចប្រើជាតម្លៃបន្ថែមសម្រាប់ការវិនិយោគផ្សេងទៀត ហើយនេះ ជាជម្រើសដ៏មានប្រសិទ្ធភាព និងមាននិរន្តរភាពជាងការប្រើប្រាស់ម៉ាស៊ីនបូមទឹកធម្មតា។
ជំនួយនេះបានដោះស្រាយបញ្ហាកង្វះថវិកា និងជំនួយបច្ចេកទេសមានកម្រិតសម្រាប់ការអនុវត្តកសិកម្មទាក់ទងនឹងប្រតិបត្តិការប្រព័ន្ធស្រោចស្រព ការថែទាំ និងការកែលម្អនានា ដែលនាំអោយផលិតផលថយចុះ។
គម្រោង CASDP មានសុទិដ្ឋិនិយមក្នុងការអនុវត្តកសិកម្ម ដោយផ្តល់ដំណោះស្រាយបច្ចេកទេសរក្សាទឹកទុកប្រើប្រាស់ និងគាំទ្រការស្តារប្រព័ន្ធស្រោចស្រពខ្នាតតូច។ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាអង្គភាពអនុវត្តគម្រោង CASDP គាំទ្រការអនុវត្តប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព និងផ្តល់អត្ថប្រយោជន៍រយៈពេលវែងសម្រាប់សមាជិកសហគមន៍កសិកម្មទាំងមូល។
ជាក់ស្តែង ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារគម្រោងបានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងថែទាំប្រព័ន្ធស្រោចស្រពដោយប្រើពន្លឺព្រះអាទិត្យសម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង នៅឃុំជើងព្រៃ ស្រុកបន្ទាយ ខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ផលប៉ះពាល់ច្រើនដល់សមាជិកសហគមន៍កសិកម្ម ដោយសមាជិកទាំងអស់ទទួលបានចំណេះដឹង និងមានឱកាសពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើប្រតិបត្តិការ និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធគាំទ្រប្រព័ន្ធស្រោចស្រព។ វគ្គបណ្តុះបណ្តាលនេះដែរ ក៏បានបង្ហាញពីសារៈសំខាន់នូវពីគំនិតផ្តួចផ្តើមសម្រាប់ការបណ្តុះបណ្តាលស្រដៀងគ្នា ដែលក្រុមការងារគម្រោងបានផ្តល់ជូនសហគមន៍។