សមាជិកសហគមន៍កសិកម្មតាសីសាមគ្គី គាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ប្រមាណ ៤០ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនាម័យល្អក្រោយការប្រមូលផល

ចេញ​ផ្សាយ​ 20 Jun 2025
30
ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការគាំទ្រផ្នែកហិរញ្ញប្បទានពីធនាគារពិភពលោក សម្រាប់ការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) សមាជិកសហគមន៍កសិកម្មតាសីសាមគ្គីប្រមាណ ៤០ នាក់ ក្នុងនោះមានស្ត្រី១៩ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តអនាម័យល្អក្រោយការប្រមូលផល។
សុវត្ថិភាពចំណីអាហារពិតជាមានសារៈសំខាន់សម្រាប់សហគមន៍កសិកម្មទាំងអស់ ដែលទទួលបានហិរញ្ញប្បទានពីគម្រោង CASDP ត្រូវដាក់បញ្ចូលទៅក្នុងផែនការផលិតកម្មរបស់ខ្លួន ដោយសារសុវត្ថិភាពចំណីអាហារមានការពាក់ព័ន្ធជាសំខាន់ដល់អ្នកប្រើប្រាស់។
ការអនុវត្តអនាម័យល្អក្រោយការប្រមូលផលពាក់ព័ន្ធតាមជំហានជាច្រើន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងកាត់បន្ថយការចម្លងរោគក្នុងកំឡុងពេលរៀបចំ ការវេចខ្ចប់ ការលាងសម្អាត និងការរក្សាទុក។ ការអនុវត្តទាំងនេះរួមមានការសម្អាត និងអនាម័យឧបករណ៍ប្រើប្រាស់ឱ្យបានត្រឹមត្រូវ ការថែរក្សាអនាម័យសម្រាប់កម្មករ និងការអនុវត្តវិធីសាស្រ្តការពារការចម្លងមេរោគឆ្លង។
នាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបង្រៀនអនុវត្តន៍ជាក់ស្តែងលើការធ្វើអនាម័យល្អក្រោយការប្រមូលផល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញកសិកម្មសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជាលទ្ធផល សមាជិកក្រុមផលិតកម្មបន្លែសុវត្ថិភាព សប្បាយរីករាយចំពោះចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលទាំងលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសក្រោយការប្រមូលផល។ ពួកគេបានរៀនសូត្រពីរបៀបលាងសម្អាតបន្លែ និងវេចខ្ចប់ តាមស្តង់ដារអនាម័យ ដោយផ្តោតសំខាន់លើសុខភាពរបស់អ្នកប្រើប្រាស់។