ខេត្តសៀមរាប÷ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ដែលមកលេងខេត្តសៀមរាប បាននាំឱ្យមានតម្រូវការផលិតផលបន្លែកើនឡើង ជាពិសេស ពីសណ្ឋាគារ និងភោជនីយដ្ឋាន។
ទោះបីជាមានបញ្ហាប្រឈមខ្លះក៏ដោយ ខេត្តសៀមរាបនៅតែជាតំបន់ផលិតបន្លែដ៏សំខាន់មួយ បានខិតខំបំពេញតម្រូវការកើនឡើងពីឧស្សាហកម្មទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជាមានវិធានការមួយចំនួនដើម្បីជម្រុញបង្កើនផលិតកម្មបន្លែក្នុងស្រុក ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពនាពេលអនាគត។
បច្ចុប្បន្ន ដើម្បីឆ្លើយតបនឹងតម្រូវការពីសណ្ឋាគារ និងភោជនីយដ្ឋាន ផលិតផលមួយចំនួនត្រូវបាននាំចូលពីប្រទេសជិតខាង ដោយសារផលិតកម្មក្នុងស្រុកមិនអាចផ្គត់ផ្គង់បាន និងមានបរិមាណគ្រប់គ្រាន់។ ក្នុងបរិបទនេះ កសិករអ្នកផលិតបន្លែ និងសហគមន៍កសិកម្មពិតជាត្រូវការជំនួយពីអ្នកពាក់ព័ន្ធ។
នៅថ្ងៃទី ៣០ ឧសភា ២០២៥ នៅឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានដល់សហគមន៍កសិកម្មទំនើបស្រូវនាងអំ និងសហគមន៍កសិកម្មទំនើបសសី ដែលជាហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគមានតម្លៃប្រហែល ២.៦ លានដុល្លារ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ជារដ្ឋាភិបាលក្នុងការគាំទ្រគំនិតផ្តួចផ្តើមកសិកម្មក្នុងស្រុក។ មូលនិធិនេះនឹងពង្រឹងការវិនិយោគលើផ្ទះសំណាញ់ចំនួន ១០០ ខ្នង ផ្លូវក្រាលកៅស៊ូ ១២.៧ គីឡូម៉ែត្រ ប្រព័ន្ធស្រោចស្រពខ្នាតតូច និងឧបករណ៍កសិកម្មផ្សេងៗទៀត។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះដែរ នឹងជួយជំរុញផលិតកម្មបន្លែសុវត្ថិភាព និងកំណើនទីផ្សារសម្រាប់កសិករ ខ្នាតតូច និងសហគមន៍កសិកម្មក្នុងខេត្តសៀមរាប រួមចំណែកដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុក ប្រកបដោយនិរន្តរភាពជាងមុនពេញមួយឆ្នាំ ជាពិសេសក្នុងអំឡុងពេលផលិតកម្មក្រៅរដូវនៅពេលដែលទិន្នផលមានកម្រិតទាបនៅឡើយ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខារួមគ្នាជាមួយតំណាងសហគមន៍កសិកម្មទាំងពីរខាងលើ នៅការិយាល័យសហគមន៍កសិកម្មទំនើបស្រូវនាងអំ និងមានការអញ្ជើញធ្វើជាសាក្សីដោយ លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង CASDP-WB រួមជាមួយនឹងតំណាងអង្គភាពអនុវត្តគម្រោង CASDP (MAFF, MEF, MOWRAM, MRD) ទីប្រឹក្សា តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្ម ប្រមាណ ១៥០នាក់។