សមាជិកគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (EC-CASDP) បានចុះវាយតម្លៃសហគមន៍កសិកម្មលើលទ្ធភាពហិរញ្ញប្បទានបដិភាគ និងសមត្ថភាពទទួលបានប្រាក់កម្ចីពី គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរ

ចេញ​ផ្សាយ​ 20 Jun 2025
25
ខេត្តពោធិ៍សាត់៖ សមាជិកគណៈកម្មការវាយតម្លៃនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (EC-CASDP) បានចុះវាយតម្លៃសហគមន៍កសិកម្មលើលទ្ធភាពហិរញ្ញប្បទានបដិភាគ និងសមត្ថភាពទទួលបានប្រាក់កម្ចីពី គ្រឹះស្ថានហិរញ្ញវត្ថុដៃគូរ ជាពិសេសលើលទ្ធភាពទុនបំរុងរបស់សហគមន៍ ប្រសិទ្ធិភាពប្រតិបត្តិការអាជីវកម្ម និងការពិភាក្សា និងផ្តល់អានុសាសន៍នានាពីសមាជិកគណៈកម្មវាយតម្លៃពាក់ព័ន្ធប្រាក់កម្ចី។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានពិនិត្យយ៉ាងល្អិតល្អន់នូវតម្រូវការផ្នែកប្រព័ន្ធស្រោចស្រពខ្នាតតូច និងផ្លូវកសិកម្ម ដែលគណៈកម្មការវាយតម្លៃត្រូវផ្ទៀងផ្ទាត់ថាតើសកម្មភាព ដែលបានដាក់ចូលទៅក្នុងសំណើរគម្រោងបានឆ្លើយតបទៅនឹងស្ថានភាពពិតជាក់ស្តែងរបស់សហគមន៍កសិកម្មដែរឬអត់។
បេសកកម្មរបស់ក្រុមការងារគណៈកម្មការវាយតម្លៃនេះ បានធ្វើឡើងនៅខេត្តពោធិសាត់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយលោក យ៉ន សម្បត្តិ ប្រធានគណៈកម្មការវាយតម្លៃគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EC, MEF) និងលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (CASDP, MAFF) និងមានការចូលរួមពីអង្គភាពអនុវត្តគម្រោង CASDP (IAs) និងអ្នកផ្តល់សេវាបច្ចេកទេសតំបន់៣ ឈ្មួញអ្នកទិញម្ទេស និងមន្ទីរកសិកម្មខេត្តពោធិសាត់ (PDAFF) គណៈកម្មាធិការសហគមន៍កសិកម្ម ។ល។
បេសកកម្មចុះអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកគណៈកម្មការវាយតម្លៃគម្រោង (EC) បានវាយតម្លៃលើផែនការពិពិធកម្ម និងអាជីវកម្មកសិផលរបស់សហគមន៍កសិកម្មទំនើបដំណាក់ត្រយឹង សម្រាប់ផលិតផលម្ទេស នៅឃុំព្រីល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។