ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះសិក្សាពិនិត្យទីតាំងសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

ចេញ​ផ្សាយ​ 20 Jun 2025
17
ខេត្តពោធិ៍សាត់÷ ការត្រៀមបម្រុងធនធានគ្រប់គ្រាន់សម្រាប់វិស័យកសិកម្មដែលភ្ជាប់ជាមួយនឹងទឹក និងការអភិវឌ្ឍន៍ជនបទនឹងបង្កើនផលិតភាព ឱកាសការងារ និងលទ្ធភាពទទួលបានស្បៀងអាហារ ជាពិសេសនៅតំបន់ជនបទ។ ស្របពេលជាមួយគ្នានេះ សហគមន៍កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច។ ដើម្បីសម្រេចបានគោលដៅនេះ វិស័យកសិកម្មទាមទារឱ្យមានការអភិវឌ្ឍន៍ជនបទបន្ថែមទៀត និងដាក់ចេញនូវគោលដៅជាក់លាក់ ដើម្បីជំរុញទាំងការវិនិយោគ និងការកៀរគរមូលនិធិសម្រាប់ការអភិវឌ្ឍន៍។
រាជរដ្ឋាភិបាល និងម្ចាស់ជំនួយ បានប្រឹងប្រែងធ្វើឱ្យមានភាពត្រឹមត្រូវក្នុងការបែងចែកទឹកសម្រាប់កសិកម្ម ដោយផ្អែកលើសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ជនបទ។
ជាក់ស្តែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងក្របខណ្ឌត្រីវិស័យ និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រុមការងារ«ត្រី-វិស័យ»នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, និងក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តមសហប្រធានទាំង៣ ចុះសិក្សាពិនិត្យសក្តានុពលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រួមគ្នានៃក្រសួងទាំង៣។
នៅទីនេះ ក្រសួងកសិកម្មបាននិងកំពុងរៀបចំជាសហគមន៍កសិកម្មទំនើបសម្រាប់ផលិតកម្មម្ទេសតាមកិច្ចសន្យានៅលើផ្ទៃដីជិត៤០ហិកតា ជូនបងប្អូនសម្បទានិកចំនួន១៣៩គ្រួសារ ហើយក្រសួងធនធានទឹកនិងក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាទំនប់ស្ទាក់ទឹកនិងផ្លូវថ្នល់សំខាន់ៗមួយចំនួនរួចរាល់ដែរ។ ស្របជាមួយគ្នានេះ សហគមន៍ក៏គ្រោងនឹងទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)ជាជំនួយឥតសំណងលើប្រព័ន្ធផលិតកម្មនិងប្រព័ន្ធស្រោចស្រព ក្នុងទំហំវិនិយោគមិនតិចជាង២លានដុល្លារនោះទេ។
សង្ឃឹមថា នាពេលខាងមុខដ៏ខ្លីនេះ ក្រសួងទាំង៣នឹងអាចកៀរគរធនធាន និងបង្កើនកិច្ចសហប្រតិបត្តិរួមគ្នាបន្ថែមទៀត សម្រាប់ការអភិវឌ្ឍសហគមន៍មូលដ្ឋាននៅក្នុងតំបន់ដ៏មានសារៈសំខាន់មួយនេះ។