គម្រោងពិពិធកម្មកសិកម្មកម្ពុជាចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ដល់ សហគមន៍កសិកម្មកសិកម្មទំនើបប្រាសាទសំបូររុងរឿង ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 02 May 2025
48
កំពង់ធំ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដល់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ស្ថិតក្នុងភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
កិច្ចព្រមព្រៀងនេះឆ្លើយតបតាមសំណូមពររបស់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង និងសមាជិកក្រុមផលិត ដែលមានសមាជិកក្រុមផលិតសរុប ចំនួន ៦២ គ្រួសារ (ស្ត្រី ២៥គ្រួសារ) បានស្នើសុំការគាំទ្រពីគម្រោង CASDP ក្នុងការពង្រីកផលិតកម្ម និងទីផ្សារគ្រាប់ស្វាយចន្ទីស្រស់ និងគ្រាប់ស្វាយចន្ទីស្ងួត ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
សហគមន៍កសិកម្មទំនើបប្រសាទសំបូររុងរឿង និងក្រុមផលិត គ្រោងពង្រីកផលិតកម្ម និងទីផ្សារគ្រាប់ស្វាយចន្ទីឱ្យក្លាយជាធុរកិច្ចមានសេដ្ឋកិច្ចមាត្រដ្ឋាន សម្រាប់សហគមន៍ និងក្រុមផលិត ក្នុងបរិមាណ ១ ៨២៧ តោន គ្រាប់ស្វាយចន្ទីស្រស់ និង ១ ៤៦២ តោន គ្រាប់ ស្វាយចន្ទីស្ងួតក្នុងរយៈពេល ៣ឆ្នាំ ដែលនឹងរកប្រាក់ចំណូលសុទ្ធចំនួន ៣១៧ ៧០៩ ដុល្លារអាមេរិក ដល់សហគមន៍ និងផ្តល់ប្រាក់ចំណេញសុទ្ធក្នុង១គ្រួសារ ចំនួន ២៩ ៣៧០ ដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំ។
កិច្ចព្រមព្រៀងបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP/MAFF និងលោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារគម្រោង CASDP-WB និងមានការអញ្ជើញចូលរួមធ្វើជាសាក្សីដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អស់លោក លោកស្រី តំណាងអង្គភាពអនុវត្តគម្រោង CASDP (MAFF, MEF, MOWRAM, MRD) ទីប្រឹក្សាអង្គភាពអនុវត្តគម្រោង តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ប្រមាណ ១០០ រូប។