ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោកលើកទី៩ សម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 18 Apr 2025
32
កំពង់ធំ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CASDP, MAFF, រួមជាមួយធនាគារពិភពលោក (WB) ដែលជាដៃគូផ្តល់ហិរញ្ញប្បទានដ៏សំខាន់ បានអញ្ជើញទៅទស្សនកិច្ចនៅសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅភូមិបាក់ស្រី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩របស់ធនាគារពិភពលោក (ISM)។
លោកប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបានស្វាគមន៍ចំពោះក្រុមការងារ WB និងក្រុមការងារគម្រោង CASDP ដែលបានអញ្ជើញមកកាន់សហគមន៍កសិកម្មទំនើប ហើយបានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង និងស្រុកទាំងមូល។
លោកជំទាវ ចំរើន មុឌីតា ប្រធានក្រុមការងាររបស់ WB សម្រាប់គម្រោង CASDP បានមានប្រសាសន៍បញ្ជាក់ពីគោលបំណងសំខាន់នៃបេសកកម្មថា ដើម្បីស្តាប់មតិយោបល់ពីសមាជិកក្រុមអ្នកផលិត ដែលបានរៀបចំសំណើរអនុវត្តផែនការធុរកិច្ចផលិតកម្មស្វាយចន្ទីមកកាន់គម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលគ្រោងធ្វើប្រតិបត្តិការផលិតស្វាយចន្ទី រួមទាំងការដោះស្រាយបញ្ហាកង្វល់ ឧបសគ្គរបស់ពួកគេ និងផ្តល់ការណែនាំបន្ថែមដល់សមាជិកក្រុមផលិត។
លើសពីនេះ លោកជំទាវបានលើកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនើប អាចលើកឡើងពីក្តីបារម្ភអំពីឧបសគ្គរបស់ពួកគេនៅចំពោះមុខ ដូចជាលទ្ធភាពទទួលបានធនធាន និងជំនាញបច្ចេកទេសមានកម្រិត ដើម្បីឱ្យក្រុមការងារអាចពិចារណាដោះស្រាយ និងផ្តល់ការណែនាំតម្រង់ទិសបន្ថែមសម្រាប់ពួកគេ។
ឯកឧត្តមនាយកគម្រោង CASDP បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោងក្នុងការតស៊ូស្វិតស្វាញ អត់ធ្មត់ ការលះបង់ និងការជំរុញលើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងឱ្យទទួលបានជោគជ័យ។
ក្នុងសំណើដាក់ជូនមកកាន់គម្រោង CASDP ដើម្បីទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដែលបានស្នើឡើងដោយសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង មានតម្លៃគិតជាទឹកប្រាក់ចំនួន ៩២,៨៧០.00 ដុល្លារអាមេរិក និងជំនួយឥតសំណង ១០០% ដើម្បីកែលម្អផ្លូវកសិកម្មប្រវែងសរុបប្រហែល ១០.៣ គីឡូម៉ែត្រ។ គម្រោងនេះនឹងធានាបាននូវអត្ថប្រយោជន៍សំខាន់ៗសម្រាប់សមាជិកសហគមន៍ រួមមានស្ត្រី ជនជាតិដើមភាគតិច និងកសិករដាំស្វាយចន្ទីមួយចំនួនធំនៅក្នុងស្រុកប្រាសាទសំបូរ និងតំបន់ក្បែរៗនោះ។ គម្រោងនេះដែរនឹងគាំទ្រដល់សកម្មភាពលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តរភាព នៅពេលដែលគម្រោងនេះបានចាប់ផ្តើមប្រតិបត្តិការ ដែលជាក្តីសង្ឃឹមថ្មីមួយទៀត និងមានសុទិដ្ឋិនិយមសម្រាប់សហគមន៍ទាំងមូល។
ក្រុមការងារ MAFF, MEF, MRD, MoWRAM និង CASDP មិនត្រឹមតែមានវត្តមាននៅក្នុងកិច្ចពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពដ៏ទៃទៀត។ ការចូលរួមរបស់អ្នកពាក់ព័ន្ធសំខាន់ៗ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដើម្បីជួយឱ្យគម្រោងទទួលបានជោគជ័យ។