ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោក (ISM) សម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានចាប់ផ្តើមនៅថ្ងៃនេះ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមសហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជុំទាវ ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក (WB) សម្រាប់គម្រោង CASDP ដែលនេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់មានការអញ្ជើញចូលរួមពីជំនាញការជាតិ និងអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីពិភាក្សាពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមសំខាន់ៗ និងដំណោះស្រាយ ក្នុងពេលអនុវត្តសមាសភាគទាំងប្រាំរបស់គម្រោង។ ការចូលរួមរបស់ក្រុមការងារគម្រោងពិតជាមានសារៈសំខាន់ដើម្បីធានាវឌ្ឍនភាពគម្រោងល្អប្រសើរជាងមុន។
ក្នុងសម័យប្រជុំនេះដែរ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយបានលើកឡើងពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមកក្នុងសមាសភាគទាំងប្រាំ។ អង្គប្រជុំក៏បានបន្តពិភាក្សាស៊ីជម្រៅ និងទូលំទូលាយលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមានកិច្ចគាំពារបរិស្ថាន និងសង្គមភ្ជាប់ទៅនឹងផ្លូវកសិកម្ម និងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការត្រួតពិនិត្យ និងការវាយតម្លៃសម្រាប់គម្រោង CASDP ។
តាមការគ្រោងទុក ក្រុមការងារ ISM ទី៩ របស់ធនាគារពិភពលោកនឹងអញ្ជើញទៅទស្សនាសហគមន៍កសិកម្មចំនួនពីរ ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ រួមមានសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង និងសហគមន៍កសិកម្មទំនើបប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។ ដំណើរទស្សនកិច្ចទាំងនេះពិតជាមានសារៈសំខាន់ ដែលបានផ្តល់ឱកាសសម្រាប់ក្រុមការងារសិក្សាស្វែងយល់បន្ថែម និងមើលឃើញដោយផ្ទាល់ និងមានមូលដ្ឋានកែលម្អ ស្របតាមបទពិសោធន៍ ជំនាញ និងតួនាទីក្នុងគម្រោងឱ្យទទួលបានជោគជ័យ។ បន្ទាប់មក ក្រុមការងារនឹងត្រឡប់មកទីក្រុងភ្នំពេញវិញ ដើម្បីជួបជាមួយក្រុមការងារនៃសមាសភាគនីមួយៗ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។